ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលចម្រុះបានបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកសង្កែ និងដុតបំផ្លាញវត្ថុតាងចោលនៅនឹងកន្លែង ក្រោយពីធ្វេីការបង្រ្កាបនិងដកហូតវត្ថុតាងបទល្មើសជាក់ស្ដែង។
ប្រភពដដែលបន្តថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុកសង្កែ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញាម្សិលមិញនេះ បានចុះបង្រ្កាបបទល្មើសជលផល ០១លើកនៅចំណុចក្នុងភូមិសាស្រ្តភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានការចូលរួមពីកម្លាំងចំរុះសរុបចំនួន០៦នាក់។
ជាក់ស្ដែងសមត្ថកិច្ចបានប្រើប្រាស់សម្ភារក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន០២គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-សាច់មងប្រវែង១៣០០ម៉ែត្រ។
-ឡុកចាប់ត្រីចំនួន០៣។
-បង្គោល៦០០ដើម។
ចំពោះករណីខាងលើនេះ រាល់វត្ថុតាង ដែលបង្ក្រាបបានសមត្ថកិច្ចបានកាប់បំផ្លាញនិងដុតកម្ទេចចោលនៅនឹងកន្លែង។ ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍៕
ដោយ៖ អរុណរះ