ភ្នំពេញ៖ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះបណ្តាលឱ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់១១នាក់និងស្រាល៨នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ឱ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន១៤លើក មានកត្តាល្បឿន៣លើក មិនគោរពសិទ្ធិ៣លើក មិនប្រកាន់ស្តាំ១លើក ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់៤លើក និងកត្តាយាន២លើក។
សូមជម្រាបជូនថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជាតែងតែបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឱ្យបើកបរគោរពទៅតាមផ្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញាចរាចរណ៍, ពាក់មួកសុវត្ថិភាព និងបានចុះសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប្រចាំ ដេីម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍ណាមួយជាយថាហេតុ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដេីម្បីការពារជីវិតរបស់លោកអ្នក និងក្រុមគ្រួសារ៕
ដោយ៖ សហការី