ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នៅថ្ងៃទី ១៤-១៦ ខែ កញ្ញា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងពិភាក្សាគ្នាអំពីសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងកសិកម្ម។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី ម៉ៅ នីង (Mao Ning) លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
តបតាមការអញ្ជើញរបស់លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នៅថ្ងៃព្រហស្បត្តិ៍ទី១៤ ដល់ថ្ងៃទី១៦ ខែ កញ្ញាខាងមុនេះ។
ឆ្លើយតបសំណួរអ្នកសារព័ត៌មាន Xinhua អ្នកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រធានាធិបតី Xi Jinpin នឹងជួបពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ហើយ សម្តេចធិបតី ក៏នឹងជួបពិភាក្សាជាមួយ លោក Li Qiang និង លោក ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើក ដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន ចាប់តាំងពីឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តីថ្មី។ ជំនួបនេះត្រូវបានធ្វើឡើង ស្របពេលឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឱ្យដឹងទៀតថា អ្នកស្រី ម៉ៅ នីង បានលើកឡើងទៀតថា ប្រទេសចិនសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ បង្ហាញពីដំណើរឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងដំណាក់កាលបន្តបន្ទាប់។
អ្នកស្រី ម៉ៅ នីង មានប្រសាសន៍ថា៖ «យើងសង្ឃឹមថា នឹងផ្តល់នូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជា ច្រករបៀងអភិវឌ្ឍន៍សឧ្សាហកម្ម អង្ករ និងត្រី ហើយរួមគ្នាឆ្ពោះទៅរកយុគ្គសម័យថ្មីនៃការកសាងគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ សម្រាប់សហគមន៍ចិន-កម្ពុជា ជាមួយអនាគតរួមគ្នា»៕
ដោយ៖ សហការី