អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញលោក Luis Rubiales នឹងបង្ហាញខ្លួននៅតុលាការក្រុងម៉ាឌ្រីដនៅថ្ងៃសុក្រ ជុំវិញការថើបរបស់គាត់លើខ្សែប្រយុទ្ធអេស្ប៉ាញ Jenni Hermoso។ Hermoso បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់កាលពីសប្តាហ៍មុនជុំវិញការថើបនាង នៅលើបបូរមាត់បន្ទាប់ពីការឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ស្ត្រីរបស់ប្រទេសរបស់នាងកាលពីថ្ងៃទី២០ ខែសីហា។
លោក Rubiales ត្រូវបានចៅក្រមតុលាការជាន់ខ្ពស់កោះហៅឱ្យឆ្លើយតបនឹងការចោទប្រកាន់ពីការរំលោភផ្លូវភេទ និងការបង្ខិតបង្ខំ។ គាត់នឹងបង្ហាញខ្លួននៅចំពោះមុខចៅក្រមនៅថ្ងៃសុក្រនេះ។ Hermoso អាយុ៣៣ឆ្នាំបាននិយាយថា ការថើបមិនមែនជាការយល់ព្រមទេ ខណៈពេលដែល Rubiales បានអះអាងថាវាជាការព្រមព្រៀងទៅវិញទៅមកនិងសម្តែងក្តីអបអរ ហើយម្តងទៀតការពារសកម្មភាពរបស់គាត់នៅក្នុងបទសម្ភាសន៍ជាមួយ Piers Morgan ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអង្គារនៅលើទូរទស្សន៍ Talk TV ។
លោក Rubiales បានលាលែងពីតំណែងជាប្រធាន FA របស់អេស្ប៉ាញកាលពីថ្ងៃអាទិត្យ ដោយសារភាពចម្រូងចម្រាស ហើយថែមទាំងបានលាលែងពីតំណែងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ផងដែរ។ ពាក្យបណ្តឹងរបស់ Hermoso គឺជាការរំលោភផ្លូវភេទមួយ ប៉ុន្តែកាលពីសប្តាហ៍មុនរដ្ឋអាជ្ញា Marta Durantez Gil បានបន្ថែមការចោទប្រកាន់អំពីការបង្ខិតបង្ខំបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានបង្ហើបថា សាច់ញាតិរបស់នាងមួយចំនួនត្រូវបានគាបសង្កត់ដោយលោក Rubiales និងអ្នករួមអាជីពរបស់គាត់ឱ្យនិយាយថា នាង សមហេតុផល និងយល់ព្រមនូវអ្វីដែលបានកើតឡើង។
កាលពីថ្ងៃចន្ទចៅក្រម Francisco de Jorge នៃតុលាការជាតិបានទទួលយកពាក្យបណ្តឹងនេះ ហើយបានចាត់ឲ្យចៅក្រមស៊ើបអង្កេតករណីនេះ។ក្រោយពីបញ្ចប់ការស៊ើបអង្កេតអង្គចៅក្រមនឹងធ្វើអនុសាសន៍សម្រាប់សំណុំរឿងនេះទៅជំនុំជម្រះ ឬត្រូវលើកលែង។ លោក Jorge ក៏បានស្នើសុំវីដេអូនៃឧប្បត្តិហេតុពីទូរទស្សន៍សាធារណៈរបស់អេស្ប៉ាញ RTVE រួមទាំងវីដេអូនៃការប្រារព្ធពិធីរបស់ក្រុមដែលបានបោះពុម្ពផ្សាយតាមអ៊ីនធើណេតដោយកាសែតអេស្ប៉ាញ El Pais, AS និង La Vanguardia ត្រូវបានដាក់ជាភស្តុតាង។
ការបង្ហាញចេញពីការថើបបានលេបត្របាក់បាល់ទាត់អេស្ប៉ាញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបានគ្របដណ្ដប់លើការឈ្នះពាន World Cup របស់អេស្ប៉ាញ ដោយលោក Rubiales មិនអើពើនឹងការអំពាវនាវម្តងហើយម្តងទៀតឱ្យលាលែងពីតំណែងមុននឹងចាកចេញនៅថ្ងៃអាទិត្យ។ ការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទអាចមានទោសចាប់ពីការផាកពិន័យរហូតដល់ជាប់គុក៤ឆ្នាំក្រោមច្បាប់អេស្ប៉ាញ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)