ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្ត​កំពត​៖​ ក្មួយជំនាញខាងបង្ហោះម៉ូតូក្រោយធ្វើការអប់រំ​ និងរៀនសូត្រលត់ដំខ្លួនឱ្យក្លាយជាក្មេងល្អឡើងវិញ

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ថា៖​ ក្រោយធ្វើការអប់រំ​ និងរៀនសូត្រលត់ដំខ្លួនឱ្យក្លាយជាក្មេងល្អឡើងវិញ​ ចំនួនពីរយប់បីថ្ងៃនៅស្នងការដ្ឋាននគរបាលខេត្តកំពត ក្មួយៗទាំងបីនាក់បានសុំទោសឪពុកម្តាយ​ និងសន្យាចំពោះមុខសមត្ថកិច្ចថាឈប់បង្ហោះម៉ូតូទៀតហើយ។ 

គួររម្លឹកថា​ លោក​នាយឧត្តមសេនីយ៍​ ស ថេត អគ្គស្នងការនគរបាលជាតិ កន្លងទៅ​​បានដឹកនាំកិច្ចប្រជុំ អនុវត្តការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់ សន្តិសុខសង្គម។

ក្រោយគេមើលឃើញថា សកម្មភាពក្រុមក្មេងទំនើង នៅក្នុងរាជធានីភ្នំពេញ ហាក់បីដូចជាកំរើកឡើងវិញ បន្ទាប់ពីរយៈពេលចុងក្រោយ គេមើលឃើញថា ក្មេងទំនើង បានធ្វើសកម្មភាព អំពើវាយតប់គ្នា និងឈានទៅធ្វើអំពើឆក់ប្លន់ យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ។​ ក្នុងកិច្ចប្រជុំនេះ លោកអគ្គស្នងការនគរបាលជាតិ​ បានលើកឡើងពីបញ្ហាប្រឈម នៃការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងពិភាក្សាដាក់ចេញ វិធានការគ្រប់គ្រង មុខសញ្ញាក្មេងទំនើង នៅក្នុងមូលដ្ឋាន ឱ្យបានជាក់លាក់ និងមានការទទួលខុសត្រូវខ្ពស់ នៅតាមបណ្តាខេត្ត​ រាជធានី​ និងអធិការដ្ឋានស្រុក​ និងនគរបាលខណ្ឌទាំង១៤។

បន្ថែម​ពីនេះ​​ លោកនាយឧត្តមសេនីយ៍ ស ថេត ក៏បានមានប្រសាសន៍ ជម្រុញឱ្យលោកស្នងការ​ ស្នងការ​រង​ និងអធិការ​នគរបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងដាក់បទបញ្ជា ឱ្យមានការទប់ស្កាត់ ក្មេងទំនើងនេះ ឱ្យមានប្រសិទ្ធភាព។ ក្នុងករណីក្មេងទំនើង បង្កជាបទល្មើសព្រហ្មទណ្ឌ ត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ ដោយមិនគិតថា ក្មេងទំនើងនោះ ជាកូនអ្នកណានោះឡើយ។

គួរជម្រាបជូនថា​ កន្លងទៅ​លោកអគ្គស្នងការនគរបាលជាតិ ក៏បានណែនាំលោកស្នងការរង ទទួលផែនការងារសេនាធិការ និងលោកស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ត្រូវចុះតាមដានត្រួតពិនិត្យ ពង្រឹងការងារ ស្តីពីការគ្រប់គ្រង មុខសញ្ញាក្មេងទំនើង ឱ្យបានត្រឹមត្រូវ ចៀសវាងការធ្វើរបាយការណ៍ ភូតកុហក ពីមុខសញ្ញាក្មេងទំនើងនេះ៕

ដោយ​៖ សហការី​


ចែករំលែក៖