ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន KCNA ចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី គឺជាការបង្ហាញយ៉ាងច្បាស់អំពី “សារៈសំខាន់ជាយុទ្ធសាស្ត្រ” នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីតាមរថភ្លើងកាលពីថ្ងៃទី១២ ខែកញ្ញា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងបរិបទដែលទីក្រុងវ៉ាស៊ីនតោនព្រមានប្រទេសទាំងពីរកុំឱ្យផ្លាស់ប្តូរអាវុធ។
KCNA បានផ្សាយថា “លោកប្រធាន Kim បាននិយាយថា ដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ប្រទេសរុស្ស៊ីបានបង្ហាញយ៉ាងច្បាស់ពីគោលជំហររបស់គណបក្សពលករ និងរដ្ឋាភិបាលកូរ៉េខាងជើងស្តីពីការផ្តល់អាទិភាពដល់សារៈសំខាន់ជាយុទ្ធសាស្រ្តនៃទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ី” ។
ក្នុងព្រិត្តិការណ៍មួយផ្សេងទៀត យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងនៅថ្ងៃពុធ ទី១៣ ខែកញ្ញានេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ខណៈ លោក គីម ជុងអ៊ុន កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី ដើម្បីជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគ មិនទាន់ស្គាល់ម៉ាកមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រខាងកើត»។
គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពាសដែកទៅដល់រុស្ស៉ីកាលពីថ្ងៃអង្គារ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយលោក ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។ មេដឹកនាំកូរ៉េខាងជើងរូបនេះក៏បាននិយាយដែរថាដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសរុស្ស៉ី បានបង្ហាញ យ៉ាងច្បាស់ពី «សារៈសំខាន់យុទ្ធសាស្ត្រ» នៃទំនាក់ទំនងរវាងប្រទេសទាំង២។
លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី អមដំណើរដោយមន្ត្រីយោធាកំពូលៗកូរ៉េខាងជើង ក្នុងនោះរួមមាន មេបញ្ជាការកងទ័ពប្រជាជនកូរ៉េ លោក ផាក ជុង ជុន (Pak Jong Chon) និងប្រធាននាយកដ្ឋានឧស្សាហកម្ម លោក ចូ ឈុន យ៉ុង (Jo Chun Ryong) ដែលនេះត្រូវបានក្រុមអ្នកវិភាគជឿជាក់ថាកិច្ចពិភាក្សារវាងលោក គីម និងលោក ពូទីន នឹងសង្កត់ធ្ងន់លើ កិច្ចព្រមព្រៀងអាវុធ៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖