ព័ត៌មានទាន់ហេតុការណ៍៖

ធុរកិច្ចជន ឬអាជីវករ ដែលប្រកបអាជីវកម្មស្មោះត្រង់គឺជៀសផុតពីទោសទណ្ឌនៃច្បាប់ រីឯធុរជនមិនសុចរិត គឺត្រូវតែប្រឈមមុខនឹងច្បាប់ជាធរមាន

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងថា​ មន្រ្តីជំនាញ ក.ប.ប. បានប្រតិបត្តិការត្រួតពិនិត្យតាមបណ្ដាទីផ្សារ ម៉ាត ផ្ទះលក់ទំនិញ និងឃ្លាំងជាដើម ដើម្បីស្វែងរកទំនិញដែលមិនមានអនុលោមភាព។ 

ម្យ៉ាងទៀតគឺដើម្បីទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម តាមរយៈប្រកបអាជីវកម្មមិនសុចរិត ការលក់ទំនិញមិនមានគុណភាពជូនអ្នកប្រើប្រាស់ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ណាមួយ ដែលទាំងអស់នេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ខាតបង់សេដ្ឋកិច្ចប្រជាពលរដ្ឋជាដើម ក៏ដូចជាការអនុវត្តនូវយន្តការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។

ជាក់ស្ដែងទំនិញខូចគុណភាពចំនួន ៧៨.២៩គីឡូក្រាមត្រូវបានមន្រ្តីជំនាញ​ កាលពីថ្ងៃទី១៣ ខែកញ្ញាម្សិលមិញ​ រកឃើញ​ក្នុងខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី  និងរាជធានីភ្នំពេញ។ ទំនិញទាំងអស់ត្រូវបានដកហូតមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធីជាធរមាន។

ជាមួយគ្នានោះ​ មន្រ្តីជំនាញ​ ក.ប.ប​ បានឱ្យដឹងដែរថា​ សូមប្រកបអាជីវកម្មដោយភាពស្មោះត្រង់ សុចរិតភាព និងចៀសវាងការកេងប្រវ័ញ្ចពីអតិថិជនដែលជាអ្នកប្រើប្រាស់ និងជាប់ទោសទណ្ឌ។ 

ជាក់ស្ដែង​នៅថ្ងៃដដែល​នេះ​ មន្រ្តីជំនាញ ក.ប.ប. បាននឹងបន្តប្រតិបត្តិការត្រួតពិនិត្យនៅតាមបណ្ដាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈស្ថិតក្នុង​ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ គោលបំណងនៃការត្រួតពិនិត្យគឺការពារសកម្មភាពណាដែលមិនសុចរិតភាព​ ភាពមិនស្មោះត្រង់ និងអំពើកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ។ ជាក់ស្ដែងមន្រ្តីជំនាញបានត្រួតពិនិត្យលើ ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១៥ទីតាំងឃើញថាពុំមានស្ថានីយ/ដេប៉ូណាមួយមិនមានអនុលោមភាពនោះទេ។

សូមរំឭកដែរថា អំពើមិនសុចរិត ការធ្វើធុរកិច្ចមិនស្មោះត្រង់ ការកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់ សុទ្ធសឹងបទល្មើសទៅនឹងច្បាប់ការពារអ្នកប្រើប្រាស់ និងចូលរួមគោរពច្បាប់ដើម្បីជៀសផុតពីទោសទណ្ឌផ្សេងៗដែលមានចែងជាធរមាន៕

ដោយ​៖សហការី​


ចែករំលែក៖