ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបន្ត សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ថៃ្ងព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹក ថៃ្ងព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមាន វត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១១០រូប។

របៀបវារៈនៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖ ១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការបង្កើតក្រសួងអធិការកិច្ច

២-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច តាក់តែងឡើងក្នុងគោលបំណងប្ដូរឈ្មោះ “ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” មកជា “ក្រសួងអធិការកិច្ច» ឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បន្តកែទម្រង់ឱ្យស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់គ្នាដែលនឹងផ្ដោតលើការលើកកម្ពស់អភិបាលកិច្ចនិងសមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាស អំណោយផលសម្រាប់អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើន ភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន៍ ចីរភាព បរិយាប័ន្ន និងសង្គមឌីជិថល។

– សេចក្តីព្រាងច្បាប់នេះ មាន ១០មាត្រា

– លោក អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ 

– លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជាតំណាងរាជរដ្ឋាភិបាល និងសហការី ជាអ្នកការពារសេចក្តីព្រាងច្បាប់

– សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានចំនួន បីរូប ដែល មាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និង លោក ឈាង វុន 

– អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់នេះទាំងមូល មានចំនួន ១១៤សំឡេង។ 

២- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដា្ឋន កិច្ចការព្រំដែន

សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គឺរាជរដ្ឋាភិបាលរៀបចំបង្កើតឡើង ដើម្បីជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយ ដែលមាន លក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញបន្ថែមនូវ ធនធានមនុស្សដែលមានសមត្ថភាព ជំនាញពិតប្រាកដ ទាំងផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ ច្បាប់អន្តរជាតិ និងផ្នែកជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការពង្រឹងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី និងការលើកស្ទួយ ការថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ទុកជាមរតកដ៏ឧត្តុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់។

– សេចក្តីព្រាងច្បាប់នេះ មាន ៨មាត្រា

– លោក អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់

– លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាតំណាងរាជរដ្ឋាភិបាល និងសហការី ជាអ្នកការពារសេចក្តីព្រាងច្បាប់ 

– សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានចំនួន ប្រាំរូប ដែលមាន លោក ទី សុគន្ធ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន លោក ឈាង វុន  លោក សេរី កុសល និងសម្តេចពិជ័យសេនា ទៀ បាញ់

– អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់នេះទាំងមូល មានចំនួន ១១៤សំឡង។

សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ បានពិភាក្សា និងអនុម័តចប់សព្វគ្រប់ នូវរបៀបវារៈទាំង២ រួចហើយ នៅវេលាម៉ោង ១០:៤៨នាទី នាថ្ងៃខែឆ្នាំដដែល ។

អាស្រ័យដោយអង្គសភាមិនទាន់មានរបៀបវារៈសម្រាប់ធ្វើការពិភាក្សា និងអនុម័ត អង្គសភាបានលើកពេល សម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ មួយរយៈសិន។ ចំពោះព័ត៌មានទាក់ទងការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នឹងជូនដំណឹងនៅពេលក្រោយ តាមរយៈសេចក្តីជូនដំណឹង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖