ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Verratti ចាកចេញពី PSG ចូលរួមជាមួយក្លិប Al-Arabi របស់កាតា

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិអ៊ីតាលី Marco Verratti បានចាកចេញពីក្លិប Paris St Germain ទៅចូលរួមជាមួយក្រុម Al-Arabi របស់កាតា។ នេះបើយោងតាមក្លិប Ligue 1 បានប្រកាសកាលពីថ្ងៃព្រសហ្បតិ៍ ទី១៤ កញ្ញា។ Verratti បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ ឆ្នាំជាមួយក្លិប Qatar Stars League ដែលបានចំណាយប្រាក់ចំនួន៤៥លានអឺរ៉ូ (៤៨.៣១លានដុល្លារអាមេរិក) សម្រាប់កីឡាករវ័យ៣០ឆ្នាំ។

Verratti បានប្រាប់គេហទំព័ររបស់ក្លិបថា “ខ្ញុំមានមោទនភាពណាស់ដែលបានពាក់ពណ៌របស់ Paris St Germain អស់រយៈពេលជាងមួយទសវត្សរ៍ ដើម្បីត្រដុសស្មាជាមួយកីឡាករល្អៗជាច្រើន និងឈ្នះពានរង្វាន់ចំនួន៣០។​ PSG និងអ្នកគាំទ្រតែងតែមានកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់ខ្ញុំ ខ្ញុំនឹងក្លាយជា PSG ជារៀងរហូត”។

Verratti ដែលមិនធ្លាប់លេងនៅ Serie A របស់អ៊ីតាលីបានចូលរួមជាមួយ PSG ក្នុងឆ្នាំ២០១២ ពីក្លិបកំណើតរបស់គាត់ Pescara ។ ក្លិប Ligue 1 បានចំណាយប្រាក់ចំនួន១២លានអឺរ៉ូ (១២.៨៧លានដុល្លារអាមេរិក) សម្រាប់កីឡាករវ័យ១៩ឆ្នាំកាលនោះ។ ក្នុង១១រដូវកាលនៅ PSG ខ្សែបម្រើ Verratti បានលេងក្នុង៤១៦ប្រកួតដែលធ្វើឱ្យគាត់ក្លាយកីឡាករដែលបានបង្ហាញខ្លួនច្រើនបំផុតទី២របស់ក្លិបបន្ទាប់ពីកីឡាករ Jean-Marc Pilorget (៤៣៥ប្រកួត) ។

គាត់បានជួយ PSG ឈ្នះជើងឯកលីកចំនួន៩ដែលជាកំណត់ត្រាមួយនៅក្នុង Ligue 1 រួមជាមួយនឹង French Cup ចំនួន៦ដង។ Verratti មិនមែនជាផ្នែកនៃផែនការរបស់អ្នកចាត់ការថ្មីលោក Luis Enrique បន្ទាប់ពីការចាកចេញថ្មីៗនេះរបស់កីឡាករដែលរួមមាន Lionel Messi, Neymar និង Mauro Icardi។

ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi បាននិយាយថា “Marco នឹងមានទំនាក់ទំនងជាមួយ Paris Saint-Germain ជារៀងរហូត។ គាត់តែងតែនៅទីនោះសម្រាប់ក្លិប ដោយផ្តល់បេះដូងរបស់គាត់នៅលើទីលាន និងសម្រេចបាននូវរឿងដ៏អស្ចារ្យជាច្រើនជាមួយពួកយើង”។

Verratti បានបង្ហាញខ្លួនជាអន្តរជាតិចំនួន៥៥ដងដោយស៊ុតបញ្ចូលទីបាន៣គ្រាប់។ គាត់ស្ថិតនៅក្នុងក្រុមអ៊ីតាលីដែលបានជួយក្រុមឈ្នះ Euro 2020 ដោយចាប់ផ្តើមវគ្គផ្តាច់ព្រ័ត្រដែលក្រុមអ៊ីតាលីបានផ្តួលក្រុមអង់គ្លេសក្នុងការស៊ុតបាល់ប៉េណាល់ទី។

ក្លិប Al-Arabi បច្ចុប្បន្នឈរនៅ​ចំណាត់​ថ្នាក់​លេខ​រៀងទី៦ ក្នុង​ក្រប​ខ័ណ្ឌ Qatar Stars League ដោយបាន​ចាប់​ផ្តើម​រដូវ​កាល​នេះ​ដោយ​មាន​ការ​ស្មើ​ចំនួន​៣ប្រកួតមាន៣ពិន្ទុ។ ការទិញដូរកីឡាករនៅកាតានៅតែបើករហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖