ព័ត៌មានទាន់ហេតុការណ៍៖

ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេលេក្រាម និងបណ្តាញទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេលេក្រាម និងបណ្តាញទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ការិយាល័យអ្នកនាំពាក្យ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ 

ការិយាល័យអ្នកនាំពាក្យបានបញ្ជាក់ថា : ក្រសួងព័ត៌មាន សូមជម្រាបជូនដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាព ពាក់ព័ន្ធ និងសាធារណជនជ្រាបថា ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេលេក្រាម និងបណ្តាញទំនាក់ទំនងសង្គម ផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ក្រសួង ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់។

ក្រសួងសូមបញ្ជាក់ជូនថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានមធ្យោបាយ ទំនាក់ទំនងផ្លូវការដូចខាងក្រោមតែប៉ុណ្ណោះ៖ ១. គណនីតេឡេក្រាមឈ្មោះ “Pheaktra Neth- និងឆាណែលតេឡេក្រាមឈ្មោះ “Net Pheaktra នេត្រ ភក្ត្រា (https://t.me/neth_pheaktra)-

២. ទំព័រហ្វេសប៊ុកឈ្មោះ “Neth Pheaktra” និងគណនីហ្វេសប៊ុកឈ្មោះ “Neth Pheaktra នេត្រ ភក្ត្រា ៣. គណនី WhatsApp ដែលត្រូវបានសម្គាល់ដោយលេខទូរស័ព្ទរបស់ ឯកឧត្តម ផ្ទាល់។

ករណីមានការក្លែងបន្លំ ឬបន្តប្រើប្រាស់អត្តសញ្ញាណរបស់ ឯកឧត្តមរដ្ឋមន្ត្រី ទៅប្រព្រឹត្តទង្វើឬ សកម្មភាពដែលច្បាប់ហាមឃាត់ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជនមេត្តាជ្រាប ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖