ខេត្តពោធិ៍សាត់ ៖ លោក ឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាដ៏ម៉ឹងម៉ាត់ដល់កម្លាំងជំនាញព្រហ្មទណ្ឌ ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ ចុះសហការជាមួយនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធករណីឃាតកម្ម(សម្លាប់ស្រ្តីគ្រូទាយប្លន់យកគ្រឿងអលង្ការ)កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់ហេងពេជ្រ ដែលមានទីតាំងនៅផ្លូវលេខ៨៤ កែងផ្លូវព្រះមុនីវង្សស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននរគបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនៅព្រលប់ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ស្រ្តីជាមុខសញ្ញាឃាតក នគរបាលរាជធានីភ្នំពេញបានតាមយ៉ាងប្រគៀកប្រកិត តាមរយៈខលទូរស័ព្ទ ហើយនៅវេលាយប់(មុនចាប់ខ្លួន)បានចូលទៅក្នុងមន្ទីរពេទ្យមួយនៅខេត្តពោធិ៍សាត់ នេះសឲ្យឃើញថាអាចមានគោលបំណងអ្វីមួយទៀតក៏ថាបាន លុះនៅរសៀលនេះត្រូវបានចាប់ខ្លួន ត្រង់ចំណុចក្នុងផ្សារធំថ្មីខេត្តពោធិ៍សាត់ ស្ថិតនៅភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ និងបានធ្វើកំណត់ហេតុប្រគល់ទទួលជូនសមត្ថកិច្ច រាជធានីភ្នំពេញនារសៀលថ្ងៃដដែល(១៥ ខែកញ្ញា ឆ្នាំ២០២៣)។
បើយោងដីកាបញ្ជាឲ្យចូលខ្លួន លេខ៤៥៩ អ.យ.ក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រ្តីត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នាមត្រកូល នាមខ្លួន នួន ខេង ជនជាតិខ្មែរ កើតឆ្នាំ១៩៧២ ទីលំនៅ បច្ចុប្បន្ន ភូមិជ្រៃត្នោត ស្រុកត្រាំកក់ ខេត្តតាកែវ ។ ក្នុងដីកាដដែលឲ្យស្រ្តីរូបនេះ ឲ្យចូលបង្ហាញខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទៈ ឃាតកម្ម(ថប់ផ្លូវដង្ហើមដោយសង្កត់ក្បាលខ្ទប់មុខនឹងខ្នើយ)តាមបណ្ដឹងរបស់ឈ្មោះ ឡុង តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ៕
ដោយ៖ ប៉ឹម ពិន