ព័ត៌មានទាន់ហេតុការណ៍៖

សណ្ឋាគារ(មីងឌូ)ជួលឱ្យជនជាតិចិនស្នាក់នៅត្រូវបានអគ្គិភ័យឆាបឆេះជាន់ទី៨បណ្តាលឱ្យខូចខាតអស់ស្ទើរទាំងស្រុង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សណ្ឋាគារ(មីងឌូ)ដែលជួលឱ្យជនជាតិចិនស្នាក់នៅត្រូវបានអគ្គិភ័យឆាបឆេះជាន់ទី៨បណ្តាលខូចខាតអស់ស្ទើរទាំងស្រុងកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

    នៅពេលដែលអគ្គិភ័យឆាបឆេះគេឃើញមានកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានគរបាលក្រុងប៉ោយប៉ែត ក្រុមហ៊ុនកាស៊ីណូ និងស្នងការដ្ឋាននគរបាលខេត្ត ហើយមានកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធា បានជួយធ្វើអន្តរាគមន៍ពន្លត់ចាប់ពីម៉ោង៩យប់រហូតដល់ម៉ោង១០យប់ថ្ងៃខែឆ្នាំដដែលទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

    ម្ចាស់សណ្ឋាគារ(មីងឌូ)បានប្រាប់ថា៖សណ្ឋាគារនេះមានកម្ពស់៨ជាន់គិតទាំងជាន់ផ្ទាល់ដី ហើយជាន់ដែលអគ្គិភ័យឆាបឆេះនេះគឺជាន់ទី៨ជាកន្លែងដាក់សម្ភារមានដូចជាគ្រែនិងសម្ភារផ្សេងៗជាច្រើន ដោយបើកភ្លើងចោលទាំងយប់ទាំងថ្ងៃសម្រាប់អោយសន្តិសុខមើលថែម្តងម្កាល ស្រាប់តែមានអគ្គិភ័យឆាបឆេះហើយបានរាយការណ៍ជូនអភិបាលក្រុងប៉ោយប៉ែត មានកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នបានជួយធ្វើអន្តរាគមន៍និងកម្លាំងសមត្ថកិច្ចខាងរថយន្តពន្លត់អគ្គិភ័យនាំគ្នាទាញទុយយោឡើងទៅបាញ់ទឹកនិងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែត្រូវខូចខាតអស់ទាំងស្រុងនៅជាន់លើ។

    ម្ចាស់សណ្ឋាគារបានបញ្ជាក់ថា៖សណ្ឋាគារ(មីងឌូ)ត្រូវបានជួលអោយជនជាតិចិនស្នាក់ នៅពេលអគ្គិភ័យឆាបឆេះជាន់ខាងលើ អ្នកស្នាក់នៅបានរត់ចុះមកខាងក្រោមទើបមិនបង្កអោយមានគ្រោះថ្នាក់កើតឡើង តែបណ្តាលឱ្យរងការខូចខាតជាន់ផ្នែកខាងលើមានគ្រែដេកចំនួន២០គ្រែនិងសម្ភារមួយចំនួនទៀតបានរងការខូចខាតអស់ទាំងស្រុង។

    កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ នៅពេលដែលអគ្គិភ័យបានឆាបឆេះសណ្ឋាគារ(មីងឌូ)កណ្តាលក្រុងប៉ោយប៉ែត តាមការសន្និដ្ឋានដំបូងគឺអាចឆ្លងចរន្តអគ្គិសនីហើយឆាបឆេះអស់ទាំងស្រុងនៅជាន់ទី៨។ ក្រោយមានភ្លើងឆេះសណ្ឋាគារកម្លាំងអន្តរាគមន៍មាននគរបាល កងរាជអាវុធហត្ថ យោធា នគរបាលការពារព្រំដែនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៦គ្រឿងទើបគ្រប់គ្រងស្ថានការណ៍បានរហូតរលត់ទាំងស្រុង តែមិនបណ្ដាលឲ្យភ្ញៀវបរទេសណាម្នាក់រងរបួសនោះទេ៕

ដោយ ៖ វណ្ណា


ចែករំលែក៖