សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អង្គការកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៃប្រទេសលីប៊ី បានឱ្យដឹងថា តួលេខមនុស្សដែលបានបាត់បង់ជីវិត នៅទីក្រុងដឺណា (Derna) ដែលជាប់បណ្តោយឆ្នេរ បានកើនឡើងដល់១១,៣០០នាក់ ស្របពេលដែលកិច្ចប្រឹងប្រែងរុករកកំពុងតែបន្ត ក្រោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ។
កន្លងមក អាជ្ញាធរសុខាភិបាលនៅលីប៊ី បាននិយាយថា តួលេខអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅទីក្រុង Derna គឺ៥,៥០០នាក់។ បើតាមអង្គការកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមលីប៊ី ក្រៅពីតួលេខថ្មីនៃអ្នកស្លាប់១១,៣០០នាក់ មនុស្សខ្ទង់១០,១០០នាក់ផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួនផងដែរនៅទីក្រុងជាប់សមុទ្រមេឌីទែរ៉ាណេមួយនេះ។ មិនតែប៉ុណ្ណោះ ព្យុះភ្លៀងដែលបានបង្កឱ្យមានមហន្តរាយទឹកជំនន់នោះ ក៏បានសម្លាប់មនុស្សប្រមាណ ១៧០នាក់ នៅកន្លែងផ្សេងទៀតក្នុងតំបន់ភាគខាងកើតលីប៊ីថែមទៀតផង។
យោងតាមចៅហ្វាយក្រុង Derna តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ អាចនឹងកើនរហូតដល់២០,០០០នាក់ ឯណោះ ដោយទំហំនៃការបំផ្លិចបំផ្លាញ។ ការវាយប្រហារនៃគ្រោះទឹកជំនន់ នៅភាគខាងកើតលីប៊ី បានកើតឡើងកាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយវាបានបង្ហាញឱ្យឃើញពីភាពងាយនឹងរងគ្រោះ របស់ប្រទេសអាហ្រ្វិកខាងជើងមួយនេះ ដែលត្រូវបានញាំញីដោយសារជម្លោះ ចាប់តាំងតែពីការបះបោរឆ្នាំ២០១១ ដែលបានផ្តួលរំលំរបបមេដឹកនាំផ្តាច់ការ លោក ហ្កាដាហ្វី៕ ដោយ៖ ធីរីណា
រូបថត៖ baodaknong.vn