ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកបាកាន ចុះបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់​ ចំនួន០៤នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយអនុវត្តជាប្រចាំតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ​ សហការជាមួយ​ប្រជាការពារ​ និងកម្លាំងផែនប្រឆាំងគ្រឿងញៀន​ បានចុះបង្ក្រាបករណីជួញដូរ​ រក្សាទុក​ និង​ប្រេីប្រាស់ដោយខុសច្បា​ប់នូវសារធាតុញៀន​ កាលពីរសៀលថ្ងៃទី១៥​ ខែកញ្ញាម្សិលមិញនេះ​ នៅចំណុចភូមិចំការលេី​ ឃុំបឹងខ្នារ​ ស្រុកបាកាន​។

លោក នាង វុធ អធិការនគរបាលស្រុកបាកាន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ៖១-ឈ្មោះ​ សុខ​ សិលា​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ រស់នៅភូមិសំរោងព្រៃខៀវ​ ឃុំមេទឹក ស្រុកបាកាន (ជាម្ចាស់ថ្នាំ) ។​ ២-ឈ្មោះ​ យ៉េន​ ស្រីឌី​ ភេទស្រី​ អាយុ​១៨ឆ្នាំ​ រស់នៅភូមិបាក់ព្រីង​ ឃុំស្នា​មព្រះ​ ស្រុកបាកាន (ជាប្រពន្ធម្ចាស់ថ្នាំ) ។​ ៣-ឈ្មោះ​ ប៉ាត់​ សុជារ៉ា​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ រស់នៅភូមិសំរោងព្រៃខៀវ​ ឃុំមេទឹក​ ស្រុកបាកាន (អ្នកប្រើប្រាស់) ។​ ៤-ឈ្មោះ​ ផាន​ ផល្លី​ ភេទស្រី​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិរបងរមាស​ ឃុំបឹងបត់កណ្តោល ស្រុកបាកាន (អ្នកប្រើប្រាស់) នឹងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន​០២កញ្ចប់ ទម្ងន់៣,៣៣ក្រាម សាច់ថ្នាំសុទ្ធប្រដាប់ជក់០១កំប្លេ, ទូរស័ព្ទចំនួន ០៣គ្រឿង, អំពូលសំរាប់ជក់ ០៨កំណាត់, ដែកកេះ០៥, ម៉ូតូ ០១គ្រឿង, ដាវ០១ដើម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីដោះស្រាយតាមនីតិវិធី៕

ដោយ ៖ អរុណរះ


ចែករំលែក៖