ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់ បានធ្វើការ បិទផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយ (បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២) និងបញ្ជីឈ្មោះ ទីតាំងការិយាល័យបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ទាំង ១៦៥២ ដើម្បីបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ មានគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋដែលមាន ឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មកពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុង បញ្ជីបោះឆ្នោត ហើយប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណ- ប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
បញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត ក៏មានបង្ហោះផ្សាយ នៅលើគេហទំព័រ voterlist.nec.gov.kh និងតាមរយៈកម្មវិធីទូរសព្ទដៃ App (NEC KH) ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ សូមប្រជាពលរដ្ឋខ្មែរដែល មិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ ចូលក្នុងឃុំ សង្កាត់ថ្មី អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕
ដោយ ៖ ភារ៉ា ដង្កោ