ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំមន្រ្តីរាជការក្រោមឱវាទរៀបចំពិធី ទូងស្គរ ដើម្បីអបអរសាទរ រមណីយដ្ឋាន ប្រាសាទកោះកេរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គការយូណេស្គូ សម្រេចជាឯកច្ឆ័នចុះជាសម្បត្តិបេតិកភណ្ឌវប្បធម៌ ពិភពលោក ដែលរៀបចំឡើងនៅរដ្ឋបាលខណ្ឌ៧មករា ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
ជាការអបអរសារទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា ក្នុងការសម្រេច នូវបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិ និង ប្រជាជន បន្តពីរាជរដ្ឋាភិបាល អាណត្តិទី៦ ដែល មានសម្តេចអគ្គមហាេសនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្រោមព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ បានខិតខំ តស៊ូព្យាយាមរៀបចំឯកសារសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ ក្នុងការបញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ដោយអង្គការយូណេស្កូ រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូន ជាតិមាតុភូមិនាពេលនេះ។
រដ្ឋបាលខណ្ឌ៧មករា បានចេញសេចក្តីជូនដំណឹងសង្កាត់ទាំង៨ សហការឱ្យបានជិតស្និទ្ធបំផុត ជារដ្ឋបាលខណ្ឌ ត្រៀមរៀបចំវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក ព្រមៗគ្នានៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ០៧និង០០នាទីព្រឹកដើម្បីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនិងជាទីមោទនកភាពជាតិ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចាត់ទុកថានេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក ដែលបង្ហាញយ៉ាងច្បាស់ទៅអន្តរជាតិ និង ពិភពលោកថាប្រទេសកម្ពុជា សម្បូរទៅដោយសម្បត្តិបេតិកភណ្ឌជាច្រើន នៅមិនទាន់ដាក់បញ្ចូល ហើយសាកសមជាព្រះរាជាណាចក្រអច្ឆរិយៈ៕
ដោយ ៖ រ៉ារ៉ា