ភ្នំពេញ ៖ លោក ចូសែហ្វ សូវ័រ អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ពីជំហរក្នុងនាមអង្គការសហប្រជាជាតិធ្វើកិច្ចសហការជាមួយកម្ពុជាក្នុងក្របខណ្ឌនៃវិស័យព័ត៌មាន ដោយត្រៀមខ្លួនក្នុងការផ្តល់ជំនួយបច្ចេកទេសផ្សេងៗដល់ក្រសួងព័ត៌មាន ក្នុងករណីមានតម្រូវការ។ ជំហរសហប្រតិបត្តិការដែលត្រូវបានទទួលស្វាគមន៍ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបានស្នើមន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិ ជួយលើការងារពង្រឹងសមត្ថភាពនិងការបណ្តុះបណ្តាលធនធានមនុស្ស។ ការបញ្ជាក់ពីគោលជំហរសហប្រតិបត្តិការក្នុងភាពជាដៃគូនេះត្រូវបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាការងារឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន។
មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិ បានសម្តែងការចូលរួមអបអរសាទរចំពោះ លោក នេត្រ ភក្ត្រា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់អាណត្តិទី៧ នេះ និងបានបង្ហាញពីគោលជំហរសហប្រតិបត្តិការស្អិតរមួតលើវិស័យផ្សេងៗ។ ជាការឆ្លើយតប លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវអំណរគុណជូនលោក ចូសែហ្វ សូវ័រ ក្នុងនាមមន្ត្រីសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងទៅនេះ ហើយសម្រាប់ទៅពេលខាងមុខទៀត គឺមានកិច្ចសហប្រតិបត្តិការជាច្រើនដែលត្រូវធ្វើជាមួយគ្នា នៅក្នុងក្របខណ្ឌវិស័យព័ត៌មាន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជម្រាបជូនមន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជាពីកិច្ចការអាទិភាពការងាររបស់រាជរដ្ដ្ដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបម្រើប្រជាពលរដ្ឋ។ ដោយឡែកក្នុងក្របខណ្ឌនៃក្រសួងព័ត៌មាន លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនពីអាទិភាពការងាររបស់ក្រសួងក្នុងធ្វើ ទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប ពង្រឹងសមត្ថភាពរបស់មន្ត្រី និងការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនធនធានមនុស្សផ្នែកសារព័ត៌មានឱ្យកាន់តែសំបូរនិងប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងថា កិច្ចការងារអាទិភាពទាំងនេះគឺត្រូវធ្វើចាប់ពីឆ្នាំ២០២៣តទៅដែលដើរស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេសកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់ជាប្រទេសអភិវឌ្ឍន៍។ សម្រាប់វិស័យព័ត៌មាន ក៏បានផ្តោតជាសំខាន់ទៅលើគុណភាពសារព័ត៌មាន ដែលសំដៅធ្វើយ៉ាងណាឱ្យការសរសេរអត្ថបទព័ត៌មាន មានគុណភាព សុីជម្រៅ ការផ្សព្វផ្សាយបានលឿនរហ័ស ពិសេសពង្រឹងក្រមសីលធម៍វិជ្ជាជីវៈដល់អ្នកសារព័ត៌មានឱ្យកាន់តែរឹងមាំ តាមរយៈការរៀបចំឱ្យមានស្តង់ដាប្រតិបត្តិរួមមួយសម្រាប់អ្នកសារព័ត៌មានទាំងអស់អនុវត្តប្រកបដោយវិជ្ជាជីវៈ និងមានគុណភាព ដើម្បីការពារដល់អ្នកសារព័ត៌មាន ពិសេសពង្រឹងគុណភាពសារព័ត៌មានអោយបានល្អ ផ្តល់អត្ថបទប្រកបដោយខ្លឹមសារ មានផលប្រយោជន៍ដល់អ្នកអាន ។
ក្នុងកិច្ចពិភាក្សាការងារនេះដែរ ភាគីទាំងពីរបានប្តេជ្ញាក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងក្រសួងព័ត៌មាន និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងភាពជាដៃគូស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ហើយតម្កល់ផលប្រយោជន៍រួម៕
ដោយ ៖ សហការី