ខេត្តស្វាយរៀង៖ លោករស់ ផារិទ្ធ អភិបាលរងខេត្តតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ ពិសេសអស់លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំងអស់ ដែលជាម្ចាស់ថវិកាម្ចាស់គម្រោង ត្រូវតែពង្រឹងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីអនុវត្តតួនាទីភារកិច្ចក្នុងភាពជាម្ចាស់ស្វ័យភាព ប្រកបដោយការទទួលខុសត្រូវដោយផ្អែកលើគោលការណ៍អភិបាលកិច្ច តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពស្របតាមគោលការណ៍ បែបបទ នីតិវិធី និងបទដ្ឋានបច្ចេកទេស ដែលបានណែនាំសម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់(សៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់) និងកិច្ចសន្យា ។
ការផ្ដាំផ្ញើ បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការវិភាជន៍ធនធានមូលនិធិឃុំ សង្កាត់ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងការពង្រឹងសមត្ថភាពក្នុងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់របស់រដ្ឋបាលឃុំ សង្កាត់ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។
លោក រស់ ផារិទ្ធ បានបន្តថា កិច្ចប្រជុំថ្ងៃនេះ គឺមានគោលបំណងធ្វើការផ្សព្វផ្សាយអំពីការវិភាជន៍ធនធានមូលនិធិឃុំ សង្កាត់ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដើម្បីពង្រឹងការគ្រប់គ្រង និងការចាត់ចែងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពស្របតាមគោលការណ៍ នីតិវិធី និងបទដ្ឋានបច្ចេកទេស ដែលបានណែនាំសម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។
លោក ក៏បានបញ្ជាក់ផងដែរថា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល នីតិកាល ទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបន្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដែលមានបាវចនា ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ។
លោកអភិបាលរងខេត្ត បានបន្ថែមថា ក្នុងករណីចាំបាច់ មេឃុំ ចៅសង្កាត់ ដែលជាម្ចាស់គម្រោង ត្រូវចេញមុខធ្វើការបកស្រាយបំភ្លឺជូនសាធារណមតិ ក៏ដូចជាសាធារណជន អំពីចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកាឃុំ សង្កាត់ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងទិសដៅបម្រើផលប្រយោជន៍សាធារណៈ និងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ដោយឡែកចំពោះមន្ត្រីគាំទ្របច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ប្រចាំក្រុង ស្រុក នីមួយៗ ក៏ត្រូវចុះទៅធ្វើការតាមដាន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានញឹកញាប់ផងដែរ ដើម្បីជួយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាមេឃុំ ចៅសង្កាត់ ដែលជាម្ចាស់ថវិកា/ម្ចាស់គម្រោង ដើម្បីធានាថាការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ទាំងអស់បានត្រឹមត្រូវតាមកិច្ចសន្យា ដែលធានាបានទាំងបរិមាណ និងគុណភាព សម្រាប់បម្រើផលប្រយោជន៍សាធារណៈនៅមូលដ្ឋាន ៕
ដោយ៖ សុថាន