ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ សូមបើកបរពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ (ស្រី ២នាក់) និងរបួសធ្ងន់ ៤នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៧លើក មាន កត្តាល្បឿន ៣លើក (ស្លាប់ ៣នាក់) មិនគោរពសិទ្ធ ១លើក (ស្លាប់ ១នាក់) មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ២នាក់) មិនប្រកាន់ស្តាំ ១លើក និងកត្តាយាន ១លើក (ស្លាប់ ១នាក់)។
គួររម្លឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២០ ខែកញ្ញាថ្មីៗនេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៥នាក់ និងស្រាល ២២នាក់ ។ ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៥លើក មាន កត្តាល្បឿន ១លើក មិនគោរពសិទ្ធ ២លើក ប្រជែងគ្រោះថ្នាក់ ១លើក និងស្រវឹង ១លើក។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរ ដេីម្បីការពារជីវិតរបស់លោកអ្នក និងក្រុមគ្រួសារ៕
ដោយ៖ សហការី