ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនក្លាយជា “មន្ទីរពិសោធន៍ច្នៃប្រឌិតថ្មីសម្រាប់យោធានិងសព្វាវុធ”

ចែករំលែក៖

ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិកសម្រាប់យុទ្ធសាស្ត្រ ផែនការ និងសមត្ថភាព Mara Karlin ថ្មីៗនេះបានបញ្ចេញមតិថា៖ អ៊ុយក្រែនពិតជាបានក្លាយទៅជា “មន្ទីរពិសោធន៍ច្នៃប្រឌិតផ្នែកយោធា និងសព្វាវុធ” ជាពិសេសនៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) និងយន្តហោះគ្មានមនុស្សបើក។
មន្ត្រីជាន់ខ្ពស់មន្ទីរប៉ង់តាហ្គោនបាននិយាយថា ចំណេះដឹងដែលបានរៀនអំពីសង្គ្រាមនៅអ៊ុយក្រែនគឺមានសារៈសំខាន់ដូចទិន្នន័យដែលយោធាអាមេរិកបានប្រមូលកាលពីមុនក្នុងអំឡុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងអុីរ៉ាក់។
លោកស្រីបានសង្កត់ធ្ងន់ថា “ច្បាស់ណាស់អ៊ុយក្រែនគឺជាមន្ទីរពិសោធន៍សម្រាប់ការស្រាវជ្រាវលើការច្នៃប្រឌិតយោធា។ ខ្ញុំគិតថាយើងទាំងអស់គ្នាបានឃើញឧទាហរណ៍យ៉ាងច្បាស់” ។
តាំងពីជម្លោះផ្ទុះឡើងមក លោកខាងលិចបានផ្តល់ឱ្យអ៊ុយក្រែននូវទ្រព្យសម្បត្តិយោធាជាបន្តបន្ទាប់។ កាលពីឆ្នាំមុន អ្នកវិភាគបានមើលឃើញថា សង្រ្គាមរបស់ទីក្រុងគៀវជាមួយរុស្ស៊ីបានផ្តល់ឱកាសឱ្យក្រុមហ៊ុនផលិតអាវុធលោកខាងលិចវាយតម្លៃថាអាវុធណាមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធ។
នៅក្នុងការអភិវឌ្ឍមួយផ្សេងទៀត ព្រឹទ្ធសមាជិក Josh Hawley ធ្លាប់បាននិយាយថា សហរដ្ឋអាមេរិកមិនគួរបន្តចាក់លុយចូលទៅក្នុងអ៊ុយក្រែនទេ ជាពិសេសនៅពេលដែល Kiev មិនមាន “អ្វីត្រូវបញ្ជាក់” អំពីប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិទាំងនេះ។
ឆ្លើយតបនឹងសារព័ត៌មាន Fox News នៅថ្ងៃទី 21 ខែកញ្ញា លោក Hawley បាននិយាយថា សហរដ្ឋអាមេរិកមិនគួរចំណាយប្រាក់បន្ថែមលើអ៊ុយក្រែនទេ ហើយបានអំពាវនាវឱ្យមានសវនកម្មលើថវិកាដែលបានផ្ញើទៅទីក្រុងគៀវ។
លោក Biden ដែលបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅសេតវិមាននៅថ្ងៃដដែលនោះ បានស្នើឱ្យសភាសហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែមចំនួន ២៤ ពាន់លានដុល្លារដល់ទីក្រុងគៀវ។
យោងតាមអ្នកវិទ្យាសាស្ត្រយោធា ជម្លោះនៅអ៊ុយក្រែនភាគច្រើនអាស្រ័យទៅលើកាំជ្រួច និងកាំភ្លើងធំ ប៉ុន្តែការជឿនលឿនថ្មីនៃបច្ចេកវិទ្យា និងដំណើរការនៃការបណ្តុះបណ្តាលទាហានឱ្យប្រើប្រាស់អាវុធថ្មីបានផ្លាស់ប្តូររបៀបនៃការប្រយុទ្ធ និងស្ថានភាពនៅលើដី៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖