ព័ត៌មានទាន់ហេតុការណ៍៖

ហាមឃាត់ការចែកចាយ ឬលក់ឱសថ ALPHACIN-Chooy គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញថាមានឱសថឈ្មោះ ALPHACIN-Choy គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែល បាន និងកំពុងចរាចរលើទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវ ឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រ កម្ពុជាត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណឱសថ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថដែល គ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ រួមទាំងជនពាក់ព័ន្ធ ដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថដែលគ្មានលេខបញ្ជិកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១ ០១២ ៩០៤ ៣៨៥ ០១២ ៩៨៣ ៣៣៤ ០១៧ ៦០៦ ៦៧០ ០១២ ៥៦២ ៤៤៦ ០១៧ ៨៦៦ ៧៦០៕

ដោយ ៖ សិលា


ចែករំលែក៖