ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែគំនុំចាស់​ ប្រើកាំភ្លេីង​ខ្យល់កែច្នៃបាញ់ស្រ្តី២នាក់ឱ្យរបួស​ ត្រូវ​នគរបាលស្រុកសង្កែឃាត់ខ្លួន

ចែករំលែក៖

   ខេត្តបាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបងបានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងនគរបាលស្រុកសង្កែ​បានឃាត់ខ្លួនបុរស​ម្នាក់ក្នុងករណីហិង្សាដោយប្រើកាំភ្លេីង​ខ្យល់កែច្នៃបាញ់​បណ្តាលឱ្យរងរបួសស្រ្តីពីរនាក់​និងធ្វេីឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃព្រោះតែគំនុំចាស់។ 

    ប្រភពដដែលបន្តថា​ មានករណីហិង្សាដោយចេតនា​មានស្ថានទម្ងន់ទោសនិងធ្វេីឱ្យខូចខាតដោយចេតនា​ (យកកាំភ្លេីង​ ខ្យល់កែច្នៃបាញ់និងបំផ្លាញទ្រព្យ​សម្បត្តិ) មួយកើតឡើងកាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៧និង១០នាទី​ នៅចំណុច​ក្រុមទី០៥ ភូមិ​អូរស្រឡៅ​ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបា​ត់ដំបង។ 

   របាយការណ៍ដដែល​បន្តថា​ ជនសង្ស័យឈ្មោះ​ ឆាយ​ បញ្ញា ភេទប្រុស​ អាយុ២៨ឆ្នាំ​ មានទីលំនៅភូ​មិអូរ​ស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ​ ខេត្តបាត់ដំបង​​ បានធ្វេីសកម្មភាពយក​កាំភ្លេីងខ្យល់កែច្នៃបាញ់ទៅ​លេីជនរងគ្រោះ​ចំនួន០២នាក់ ឈ្មោះ​ អឿ​ ជន ភេទស្រី អាយុ៥៣ឆ្នាំ​ មានទីលំនៅចំណុចកេីតហេតុខាងលេី​ រងរបួសសាច់ដុំដៃមួយកន្លែង​ហេីមជាំ និងឈ្មោះ​ រួម​ ចំរេីន​ ភេទស្រី​ អា​យុ២៦ឆ្នាំ​ មានទីលំនៅចំណុចកេីតហេតុខាងលេី​ របួសកដៃខាងឆ្វេងមួយកន្លែង​ បែកហូរឈាម​និងធ្វេីអោយខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះរបស់ជនរងគ្រោះដូចជា៖

-ទូទឹកកកចំនួន០១ 

-ទូដាក់សម្លៀកបំពាក់ចំនួន​០១ និងកញ្ចក់ឆ្លុះមុខចំនួន០១​ ខូចខាតទាំងស្រុង។ 

   ប្រភពដដែលបន្តថា​ ពេលកេីតហេតុភ្លាមសមត្ថកិច្ចទទួល​បាននូវព័ត៌មាននេះ​ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាល​ខេត្តបាត់​ដំបង​ លោកវរ​សេនីយ៍​ទោ​យុ​ត តុង​ហូ​ អធិការនគរ​បាល​ស្រុក​សង្កែ​បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាលវត្តតាមិម ធ្វេីការបង្ក្រាបឃាត់​ខ្លួនជនសង្ស័យឈ្មោះ​  ឆាយ​ បញ្ញា​ នៅយប់វេលាម៉ោង១៩និង៣០នាទី​ថ្ងៃដដែល​នៅចំណុចកេីតហេតុនាំមកធ្វេីការសាកសួរនៅអធិការដ្ឋាន​ ហេីយ​ពេលសាកសួរជនសង័្សយបានឆ្លេីយ​សារភាពថា មូលហេតុដែលនាំទៅ​ដល់ករណីហិង្សាខាងលើគឺ ដោយ​សារមានគំនុំខឹងរឿងរា៉វចាស់​ពីមុនមក។

ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖