ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានធ្វើការអប់រំក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាជ្ញាធរ និងអាណាព្យាបាលនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ។
រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា ក្រុមក្មេងទំនើងចំនួន ៣ក្រុម មានគ្នាចំនួន ១៦នាក់ ស្រី ០១នាក់ ជិះម៉ូតូចំនួន ០៧គ្រឿង បានជិះចូលសាលាអនុវិទ្យាល័យទំនប់រលកថ្មី ស្រុកស្ទឹងហាវ កាលពីថ្ងៃទី២១ ខែកញ្ញាម្សិលមិញនេះ បានធ្វើសកម្មភាពវាយសិស្សសាលាដែលកំពុងអង្គុយលើម៉ូតូមិនដឹងខ្លួនបណ្តាលឱ្យសិស្ស ០២នាក់រងរបួស និង ០៣នាក់ទៀតរត់រួចខ្លួន។
លោក ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានធ្វើការណែនាំដល់ក្រុមក្មេងទំនើងមានដូចជាក្រុម GF PL BT FMF បានប្រព្រឹត្តអំពើដែលសង្គមជាតិស្អប់ខ្ពើម ក្មួយៗបានធ្វើសកម្មភាពខុសឆ្គងបង្កភាពអាម៉ាស់ដល់សង្គមជាតិ ក៏ដូចជាឪពុក ម្តាយ និងក្រុមគ្រួសារ ស្របពេលដែលប្រទេសជាតិ និងខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលអណាព្យាបាល ក៏ដូចជាលោកគ្រូ អ្នកគ្រូបានខិតខំធ្វើការអប់រំ បណ្តុះបណ្តាលក្មួយឱ្យក្លាយខ្លួនជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គម ប៉ុន្តែពួកក្មួយនាំគ្នាបង្កើតជាក្រុមបង្កអសន្តិសុខដល់សង្គមជាតិទៅវិញ ដែលផ្ទុយទៅនឹងអ្វីដែលឪពុកម្តាយ និងប្រទេសជាតិត្រូវការនាពេលបច្ចុប្បន្ន ការបង្កើតក្រុមទាំងនេះប្រាសចាកសីលធម៌សង្គម ហើយការគិតខុសមួយពេលនាំឪ្យយើងខាតបង់កិត្តិយសខ្លួនឯង ក៏ដូចក្រុមគ្រួសារផងដែរ យើងត្រូវគិតឱ្យច្បាស់មុននឹងធ្វើអ្វីមួយ ហើយសកម្មភាពដែលក្មួយបានធ្វើជាអំពើដែលសង្គមស្អប់ខ្ពើមជាទីបំផុត ។
លោកអភិបាលខេត្តស្តីទី បានបញ្ចាក់ថា ឱពុកម្តាយឱ្យក្មួយចូលសាលាដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើ បំណិនជីវិត ដើម្បីចូលរួមចំណែកក្នុងការបង្កើនជីវភាពគ្រួសារ ការបង្កើតក្រុមត្រូវជ្រើសរើសក្រុមដែលមានភាពត្រឹមត្រូវ រួមគ្នាសិក្សាអ្នកចេះតិច ជួយបង្រៀនអ្នកមិនចេះដែលជាផលប្រយោជន៍ក្នុងការចូលរួមអភិវឌ្ឍប្រទេសរបស់យើង មិនត្រូវបង្កើតក្រុមដើរបង្កអសន្តិសុខដល់សង្គមនោះទេដែលគេស្អប់ខ្ពើម ត្រូវចេះកែប្រែខ្លួនពីទំពាំងស្អុយ មកជាទំពាំងល្អ មានចំណេះដឹងជំនាញវិជ្ជាជីវពិតប្រាកដទៅថ្ងៃមុខ ព្រោះវ័យនេះក្មួយត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីអនាគតខ្លួនឯក គ្រួសារ និងសង្គមជាតិ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តស្តីទី ស្នើឱ្យអាណាព្យាបាល នាយកសាលាត្រូវភ្ជាប់ក្រុមក្មេងទាំងនេះធ្វើការតាមដាននៅពេលចេញពីផ្ទះទៅសាលា និងចេញពីសាលាមកផ្ទះ ប្រសិនបើមិនចូលសាលាត្រូវរាយការណ៍ ដើម្បីឱ្យសមត្ថកិច្ចរបស់យើងចុះរកក្រុមក្មេងទាំងនេះយកមកអប់រំនៅប៉ុស្តិ៍នគរបាលដែលនៅជិត និងឱ្យអាណាព្យបាលធ្វើកិច្ចសន្យាយកកូនរបស់ពួកគាត់ត្រឡប់ទៅផ្ទះវិញ ប្រសិននៅពេលក្រោយនៅតែបង្កអសន្តិសុខទៀត និងមិនមានការលើកលែងអនុគ្រោះ គឺត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ សហការី