ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៤-១០៥ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-6091 សណ្ដោងស៊ឺមីរ៉ុម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-2907 ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរឈ្មោះ គង់ សៅសារិន ភេទប្រុស អាយុ ៥៣ឆ្នាំ អ្នករួមដំណើរឈ្មោះ គង់ សៅរ៉ូ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទឹកលិច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ រថយន្ដជួបបញ្ហាដាច់ហ្រ្វាំងរេចង្កូតមកខាងឆ្វេងដៃ ធ្លាក់ស្នាមភ្លោះបណ្តាលឱ្យខូចខាតរថយន្ដ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកបាត់បង់អាយុជីវិត ទេគឺត្រឹមតែរងរបួសអ្នករួមដំណេីរប៉ុណ្ណោះ។
ករណីនេះសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះធ្វើអន្ដរាគមន៍និងស្ទួចយករថយន្ដមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បីពិនិត្យដោះស្រាយតាមវិធានការជំនាញ និងអនុវត្ដតាមផ្លូវច្បាប់ចំពោះកិច្ចការឆ្វេសប្រហែសនិងបច្ចេកទេសយានយន្ដតាមច្បាប់ចរាចរណ៍ ។
ជាការសំណូមពររបស់សមត្ថកិច្ចជំនាញ សូមបងប្អូនម្ចាស់អាជីវកម្មមេត្ដាពិនិត្យនិងរឹតបន្ដឹងលេីការងារបច្ចេកទេសយានយន្ដ និងនាំគ្នាចូលរួមគោរពចរាចរណ៍ឱ្យមានប្រសិទ្ធភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕
ដោយ៖ ស សម