ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនខ្លួនជនសង្ស័យ២នាក់និងកាំភ្លើងកែច្នៃ៤ដើមរួមទាំងថ្នាំញៀន៤៦គ្រាប់ទៅតុលាការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ នគរបាលខេត្តប្រាប់ថា ដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់ផែនការឱ្យកម្លាំងនគរបាលទូទាំងខេត្ត ពិសេសកម្លាំងជំនាញត្រូវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទល្មើសជួញដូរគ្រឿងញៀនដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពសង្គម ភូមិឃុំ-សង្កាត់មានសុវត្ថិភាព។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន​ បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយចេក និងស្រុកថ្មពួក ចុះស្រាវជ្រាវនិងបង្ក្រាបបានមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀននិងប្រើប្រាស់អាវុធខុសច្បាប់ចំនួន២នាក់ រួមមាន​៖ ១-ឈ្មោះ អូ ទាវ​ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិតាអុងកើត​ ឃុំរលួស​ ស្រុកស្វាយចេក​ ត្រួតពិនិត្យឃើញមានអាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន០១ដើម មានបង់២និងគ្រាប់៤៦គ្រាប់ និង ២-ឈ្មោះ​ ឡុន សុលី​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ទីលំនៅភូមិគោករកា​ ឃុំតាបែន​ ស្រុកស្វាយចេក​។ 

ប្រតិបត្តិការបង្ក្រាបនេះ មានការសម្របសម្រួលនីតិវិធីពីលោក កើត​ វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលកម្លាំងនគរបាលយើងឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានវត្ថុតាងមួយចំនួន មានដូចជា កូនជញ្ជីងចំនួន២ កាំភ្លើងខ្លីកែច្នៃចំនួន១ កាំភ្លើងវែងកែច្នៃចំនួន៣ដើម គ្រាប់កាំភ្លើងអាកា ចំនួន៩គ្រាប់និងបង់ចំនួន១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន២ សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ដែកកេះកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន២០។

ក្រោយសួរនាំ ជនសង្ស័យរួមជាមួយវត្ថុតាង នគរបាលជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖