ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាមេរិក ផ្តល់ជំនួយអភិវឌ្ឍន៍១៨លានដុល្លារដល់កម្ពុជាឡើងវិញ

ចែករំលែក៖

សហរដ្ឋអាមេរិក ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានមតិខ្លះលើកឡើងថា ដោយសារបោះឆ្នោតឆ្នាំ២០២៣មិនល្អ ទើបអាមេរិកកាត់ជំនួយអភិវឌ្ឍន៍១៨លានដុល្លារ ប៉ុន្តែពេលនេះ អាមេរិកបានផ្តល់ជំនួយនោះឡើងវិញ តើមានន័យយ៉ាងម៉េច?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ២៥០០នាក់ ដែលពិធីនេះ ប្រារព្ធធ្វើនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនអាមេរិកផ្តល់ជំនួយឡើងវិញ ដោយសារពីដំបូងគេគិតថា ការបោះឆ្នោតមានបញ្ហាមួយចំនួន ប៉ុន្តែពេលនេះគេផ្តល់ឡើងវិញ ដើម្បីធ្វើកិច្ចការ និងពង្រឹងទំនាក់ទំនងបន្តទៀត ដូច្នេះ យើងគួរតែកាត់យល់ហើយថាតើទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកយ៉ាងណានោះ។

ពាក់ព័ន្ធនឹងបញ្ហាកំពង់ផែរាម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ជាថ្មីថា បើដូចការចោទប្រកាន់របស់មជ្ឈដ្ឋានមួយចំនួនមែន គឺមិនអាចលាក់បាំងបានឡើយ ហើយកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជាជាដាច់ខាត៕

ដោយ ៖ សហការី


ចែករំលែក៖