ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំងប្រកាសដកទ័ពចេញពីប្រទេស Niger, Mali, Burkina Faso

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះបានផ្សាយថា ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បាននិយាយថា ប្រទេសរបស់យើងនឹងដកឯកអគ្គរដ្ឋទូត រួមទាំងកងទ័ពរបស់ខ្លួនចេញពីប្រទេសនីហ្សេ ម៉ាលី និង បឺគីណា ហ្វាសូ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ។
លោក ម៉ាក្រុង ធ្វើការប្រកាសបែបនេះក្នុងអំឡុងលោកថ្លែងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយនឹងការ គូសបញ្ជាក់ដូច្នេះថា «បារាំងបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ ឯកអគ្គរដ្ឋទូតនិងអ្នកការទូតរបស់យើងជាច្រើននាក់ នឹងត្រឡប់មកកាន់ប្រទេសបារាំងវិញ»។ លោក ម៉ាក្រុងបន្ថែមថាប្រតិបត្តិការយោធារបស់បារាំងក៏នឹងត្រូវបិទបញ្ចប់ផងដែរ ដោយកងទ័ពបារាំងនឹងត្រូវដកចេញពីប្រទេសនីហ្សេនៅប៉ុន្មានខែនិងសប្ដាហ៍ខាងមុខ ជាមួយនឹងការដកកងទ័ពទាំងស្រុងនៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ។
បារាំងបានរក្សាទុកកងទ័ពជាង ១,៥០០នាក់នៅឯមូលដ្ឋានទ័ពរបស់ខ្លួនក្នុងប្រទេសនីហ្សេ ហើយកន្លងមកបានបដិសេធការស្នើសុំពីរបបយោធាថ្មីឱ្យឯកអគ្គរដ្ឋទូតនិងកងទ័ពបារាំងចាកចេញពីប្រទេស បន្ទាប់ពីលោកម៉ាក្រុងប្រកាសមិនទទួលស្គាល់របបសឹកដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ មហាម៉េដ បាហ្សូម (Mohamed Bazoum) គាំទ្រដោយបារាំង។
ការវិវត្តស្ថានការណ៍ចុងក្រោយនេះកើតមានឡើងខណៈកងទ័ពបារាំងក៏ត្រូវបានស្នើសុំឱ្យដកចេញពីប្រទេសម៉ាលី និងបួរគីណា ហ្វាសូ ដែលសុទ្ធសឹងជាប្រទេសធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ខ្លួនផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖