ព័ត៌មានទាន់ហេតុការណ៍៖

ថៃបើកយុទ្ធនាការបោសសម្អាត ល្បែងស៉ីសងតាមអនឡាញ ដោយបានឆែកផ្ទះមេប៉ូលិសរងផងដែរ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា កាលពីព្រឹកថ្ងៃចន្ទនេះ កងកម្លាំងប៉ូលិសនៅប្រទេសថៃ បានចុះឆែកឆេរផ្ទះរបស់អគ្គស្នងការរងនគរបាលជាតិថៃម្នាក់ ដោយសកម្មភាពនោះគឺជាផ្នែកនៃការបើកប្រតិបត្តិការឆែកឆេរទ្រង់ទ្រាយធំ ដែលមានគោលដៅលើបណ្តាញល្បែងស៉ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។
ផ្ទះនៅកណ្តាលរាជធានីបាងកករបស់នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆេត ហាក់ផាន (Surachate Hakparn) ដែលជាអគ្គស្នងការរងនគរបាលជាតិនៃប្រទេសថៃ ស្ថិតក្នុងចំណោមទីតាំងសរុបប្រមាណ៣០កន្លែងក្នុងខេត្ត-ក្រុងចំនួន៦ ដែលត្រូវបានចុះឆែកឆេរដោយកងកម្លាំងប៉ូលិសប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការទ្រង់ទ្រាយធំនោះត្រូវបានធ្វើឡើងពាក់ព័ន្ធការស៉ើបអង្កេតទៅលើវេបសាយល្បែងស៉ីសងមួយហៅថា «Betflix» ហើយនិងវេបសាយពាក់ព័ន្ធចំនួន១២ទៀត។
លោក ស៊ូរ៉ាឆេត បាននិយាយថា ប្រតិបត្តិការឆែកឆេរបានបញ្ចប់ទៅ ដោយពុំមានរកឃើញវត្ថុតាងឬរឿងខុសច្បាប់អ្វីឡើយ ហើយលោកបានអះអាងថា រូបលោកមិនមានទំនាក់ទំនងជាមួយបណ្តាញល្បែងស៉ីសងអនឡាញណាមួយនោះទេ។ យ៉ាងណាមិញ មន្រ្តីប៉ូលិសចំនួន៧នាក់ដែលធ្វើការនៅក្រោមលោក ស៊ូរ៉ាឆេត ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរចម្លើយ។ លោក ស៊ូរ៉ាឆេត បានបន្តថា ការចុះឆែកឆេរផ្ទះរបស់លោកគឺជាសកម្មភាពមិនប្រក្រតីមួយ ហើយលោកបាននិយាយថា វាហាក់ដូចមានការប៉ុនប៉ងដេញជើងគ្នាផ្ទៃក្នុងនៅក្នុងជួរប៉ូលិសថៃ។
ការបើកប្រតិបត្តិការខាងលើ គឺកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលមានការជ្រើសរើសអគ្គស្នងការនគរបាលជាតិថ្មីរបស់ថៃ ខណៈដែលលោក ស៊ូរ៉ាឆេត ត្រូវគេសង្ស័យអាចជាបេក្ខជនដែលត្រូវឡើងកាន់តំណែងបន្ត បើទោះបីលោកបានប្រកែកថា មិនយ៉ាងដូច្នោះក៏ដោយ។ លោក ស៊ូរ៉ាឆេត ស្ថិតក្នុងចំណោមអគ្គស្នងការរងចំនួន៤រូបដែលសុទ្ធតែមានលទ្ធភាពក្លាយជាអគ្គស្នងការនគរបាលជាតិថ្មីនៃប្រទេសថៃ នៅពេលនាយឧត្តមសេនីយ៍ ដាមរ៉ុងសាក់ គីតទីប្រាផាស់ (Damrongsak Kittiprapas) ដែលជាអគ្គស្នងការនគរបាលជាតិថៃបច្ចុប្បន្នចូលនិវត្តន៍នៅចុងខែកញ្ញានេះ៕ ដោយ៖ ធីរីណា

រូប​ថត​៖ the nation


ចែករំលែក៖