ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីជោគជ័យនៃបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីបេសកកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិ ជាលើកទី៣ ក្នុងរយៈពេល១ខែ។

ដោយបញ្ជាក់ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញហើយនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ បន្ទាប់ពីអញ្ជើញចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។ បេសកកម្មក្រៅប្រទេសលើកទី ៣ របស់ សម្តេចធិបតី រយៈពេល ៥ ថ្ងៃនេះ សម្រេចបាននូវលទ្ធផលថ្មីៗយ៉ាងធំធេង បន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ។

ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាទ្វេភាគី ជាមួយ លោក អង់តូនីញ៉ូ ហ្គូទរ៉ស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ លោកអគ្គលេខាធិការ បានសរសើរចំៗដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្ស៊ីគ្នាជាមួយគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងបានថ្លែងអំណរគុណកម្ពុជា សម្រាប់ការបញ្ជូនមន្ត្រីចូលរួមបំពេញ បេសកកម្មដើម្បីសន្តិភាពតាមបណ្តាប្រទេសនានា។ សម្ដេចធិបតី បានថ្លែងអំណរគុណអង្គការសហប្រជាជាតិ ដែល បានគាំទ្រគ្រប់យ៉ាងដល់កម្ពុជា ចាប់តាំងពីការរៀបចំបោះឆ្នោតសកល នីតិកាលទី១ ឆ្នាំ១៩៩៣ និងការកាត់ទោស អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមជាដើម និងបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តគោលនយោបាយ និង កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិដោយគ្មានការផ្លាស់ប្តូរឡើយ។ សម្ដេចធិបតី ក៏បានលើកឡើង អំពីលទ្ធផលនៃការចូលរួមរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ និងការលើកកម្ពស់ សិទិ្ធមនុស្ស ដោយផ្អែកលើច្បាប់និងគោលការណ៍នីតិរដ្ឋ។ ជាការឆ្លើយតប លោក អង់តូនីញ៉ូ ហ្គូទរ៉ស បានបង្ហាញការពេញចិត្ត និងគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បី សម្រេចជោគជ័យ ក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ។ 

សូមភ្ជាប់មកជាមួយនូវខ្លឹមទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មាន ដែលមានចំនួន៥ទំព័រដូចខាងក្រោម អានទាំងស្រុង ៕

ដោយ ៖ សិលា


ចែករំលែក៖