ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញថា គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២៣នេះ រកចំណូលបានចំនួន ២៣,៤៣១,២១០ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ថយចុះ៩ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានចំនួន ២៥,៦៣៧,៩៤៤ដុល្លារ (បានធ្វើសវនកម្ម)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ។
ជាក់ស្ដែងសេចក្ដីប្រកាសព័ត៌មាន ដែលទេីបទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាន នៅរយៈពេល៨ខែ ឆ្នាំ២០២៣ រួមមានដូចខាងក្រោម៖
-ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន១៩,៧៧៩,៣០៧ដុល្លារ។
-ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ៣,១២២,៤៨៥ដុល្លារ។
-ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៥២៩,៤១៨ដុល្លារ។
ដោយឡែកចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់៨ខែ ឆ្នាំ២០២៣ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមានដូចខាងក្រោម៖
-ទី១៖ ទំនិញ-ប្រេងឥន្ធនៈ មានចំនួន២,៨១៥,១១៣តោន កើនឡើង១.០២% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួន២,៧៨៦,៦៦៨តោន។
-ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន៣,០៨៥ជើង កើនឡើង១៩.២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួន ២,៥៨៨ជើង។
-ទី៣៖ បរិមាណកុងតឺន័រ មានចំនួន ២៦៩,០១០ធីអ៊ីយូ ថយចុះ១០.១៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួន ២៩៩,៣៧៩ធីអ៊ីយូ។
-ទី៤៖ នាវាទេសចរណ៍ មានចំនួន២៩៩ជើង កើនឡើង៤,៨៨៣ភាគរយ។
-ទី៥៖ បរិមាណអ្នកដំណើរ មានចំនួន១២,០៩០នាក់ កើនឡើង២,៦៧៩ភាគរយ។
គួរជម្រាបជូនថា កំពង់ផែស្វយ័តភ្នំពេញ នៅឆ្នាំ២០២២កន្លងទៅនេះ បានទទួលនូវប្រាក់ចំណេញ ចំនួនជាង១៤លានដុល្លារអាមេរិក (១៤.៣១៣.២៨៣ដុល្លារ) ដែលអនុវត្តបានលើសផែនការ ឆ្នាំ២០២២ ចំនួន១ភាគរយ និងកើនឡើងចំនួន១៣ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២១៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ៖
ដោយ៖សហការី