ព័ត៌មានទាន់ហេតុការណ៍៖

អគ្គមេបញ្ជាការ ក្រើនរម្លឹកកងកម្លាំងពិសេសប្រឆាំងភេរវកម្ម បង្កើនការយកចិត្ដទុកដាក់ពង្រឹងសមត្ថភាព ការពារនិងថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានក្រើនរម្លឹកដល់កងកម្លាំងពិសេសប្រឆាំងភេរវកម្ម ឲ្យបង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនពង្រឹងសមត្ថភាព ដើម្បីការពារសន្តិភាព ស្ថិរភាព សន្តិសុខជាតិ និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពអំពើភេរវកម្មតាមគ្រប់រូបភាព។

ការក្រើនរម្លឹករបស់ នាយឧត្តមសេនីយ៍ ធ្វើឡើងក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធាននាយកដ្ឋានពិសេស មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម។

ក្នុងតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ពីអំពើភេរវកម្ម ថាជាយុទ្ធសាស្ត្របែបថ្មីមួយ បាននិងកំពុងគំរាមកំហែងដល់វិស័យសន្តិសុខជាច្រើន នៅក្នុងតំបន់ និងពិភពលោក ដែលតម្រូវឱ្យសហគមន៍អន្តរជាតិទាំងមូលត្រូវសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធទប់ស្កាត់អំពើភេរវកម្មនេះ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានបញ្ជាក់ថា សម្រាប់កម្ពុជា បើទោះបីពុំមែនជាមុខសញ្ញានៃអំពើភេរវកម្ម ប៉ុន្តែត្រូវប្រុងប្រយ័ត្នជានិច្ច ដោយធ្វើការគ្រប់គ្រងកម្លាំង បង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាដៃគូអន្តរជាតិ ដើម្បីទប់ស្កាត់និងបង្រ្កាបភេរវកម្មឆ្លងដែន តាមរយៈការចែករំលែកព័ត៌មាន ការស្រាវជ្រាវ និងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ បានកោតសរសើរបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលកន្លងមក ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបំពេញភារកិច្ច និងសម្រេចបានស្នាដៃធំៗជូនជាតិ និងប្រជាជន រួមចំណែកដល់កិច្ចការពារបូរណភាពទឹកដី ការពារសន្តិភាព សន្តិសុខ រក្សាស្ថិរភាពសង្គមជាតិ និងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំបានល្អប្រសើរ។

ជាមួយស្នាដៃសម្រេចបាន នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់មេបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ត្រូវប្រមូលផ្តុំនូវធនធានមនុស្សប្រកបដោយសមត្ថភាពជំនាញ ចំណេះដឹង ចំណេះធ្វើ និងកិច្ចសហការល្អជាមួយស្ថាប័ននានា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមចំពោះមុខ និងទៅអនាគត ធានាការពារបានសន្តិភាព ស្ថិរភាព និងសន្តិសុខជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖