ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ កម្ពុជានឹងមានសមិទ្ធផលថ្មី គឺព្រលានយន្តហោះដល់ទៅ២ នឹងត្រូវដាក់សម្ពោធដើម្បីទាក់ទាញបន្ថែមនូវទេសចរណ៍!

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយពីគ្រប់គ្រងបានដោយជោគជ័យនូវរោគរាតត្បាតជាសកលកូវីដ-១៩ ពេលនេះជាពេលដែលកម្ពុជាស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនោះវិស័យទេសចរណ៍គឺជាផ្នែកមួយដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាចំណូលរបស់ប្រជាពលរដ្ឋខ្មែរ។ ដោយឃើញពីសារៈសំខាន់នៃវិស័យមួយនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ណែត បានបន្តកៀរគរភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យមកដើរលេងកំសាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចរចាស្នើជើងហោះហើរត្រង់មកកម្ពុជា និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវព្រលានយន្តហោះខ្នាតអន្តរជាតិចំនួន២ នៅចុងឆ្នាំ២០២៣ និងមួយទៀតនៅដើមឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។ 

មិនថាក្នុងជំនួបជាមួយមេដឹកនាំបរទេស រហូតដល់កិច្ចប្រជុំកម្រិតពិភពលោក សម្តេចធិបតី មិនភ្លេចនោះទេក្នុងការចរចាស្នើសុំឱ្យមានជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ដោយសម្តេចធិបតីបានប្រើពាក្យថា «ទាក់ម៉ូយ» ឱ្យមកប្រទេសកម្ពុជា។

ការហោះហើរត្រង់មកកាន់កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរណ៍ចូលមកលេងប្រទេសកម្ពុជាកាន់តែច្រើនដោយសារមូលហេតុចំនួន២ គឺ 1/ ចំណេញពេលវេលាព្រោះការហោះហើរត្រង់មិនតម្រូវឱ្យអ្នកធ្វើដំណើរចុះចតនៅប្រទេសជិតខាងរួចរង់ចាំជិះយន្តហោះមួយទៀតមកកាន់កម្ពុជានោះទេ។ 2/ ចំណាយតិចជាងមុន ព្រោះមិនត្រូវបង់ថ្លៃទិដ្ឋការតមកប្រទេសកម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងនៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះថា ព្រលានយន្តហោះខ្នាតអន្តរជាតិថ្មីចំនួន២ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ គឺស្ថិតនៅខេត្តសៀមរាប និងនៅក្នុងខេត្តកណ្តាល មានទំហំធំជាងព្រលានយន្តហោះដែលប្រើប្រាស់សព្វថ្ងៃ ២ ទៅ ៣ដង ជាខ្នាតស្តង់ដារអន្តរជាតិ។

ព្រលានយន្តហោះអន្តរជាតិ ដែលមានទីតាំងស្ថិតនៅខេត្តកណ្តាល សាងសង់លើផ្ទៃដី ២.៦០០ហិកតា ដោយរំពឹងថានឹងទទួលបានអ្នកធ្វើដំណើរចំនួន២៧លាននាក់នៅឆ្នាំ២០៣០ និងកើនទៅដល់ ៣០លាននាក់នៅឆ្នាំ២០៥០។ ព្រលានអន្ដរជាតិ នៅខេត្ដសៀមរាប ត្រូវបានប៉ានប្រមាណថា នឹងទទួលបានអ្នកធ្វើដំណើរចំនួន ៧លាននាក់នៅក្នុងឆ្នាំដំបូងៗ ចំនួន១០លាននាក់នៅឆ្នាំ ២០៣០ និង២០លាននាក់នៅឆ្នាំ ២០៥០។ យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា សម្រាប់រយៈពេល ៧ខែ ពោលគឺចាប់ពីខែមករា ដល់ឧសភា ដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិជាង ២,១៦លាននាក់បានមកទស្សនាកម្ពុជា ក្នុងអត្រាកំណើនប្រហែល ៣០០% ធៀបរយៈពេលដូចគ្នាឆ្នាំក្នុង២០២២។

គួរបញ្ជាក់ថាសមិទ្ធផលថ្មី អាចកើតឡើងបានគឺផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសគឺការថែរក្សាបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស មានសន្តិភាពទើបមានការអភិវឌ្ឍ។ ព្រលាន្តយន្តហោះលំដាប់អន្តរជាតិថ្មីដែលនឹងលេចចេញជារូបរាងផ្លូវការ ក្នុងពេលខាងមុខ គឺជាសក្ខីភាពបង្ហាញពី កិច្ចអភិវឌ្ឍជាតិ ដែលនឹងចូលរួមចំណែកក្នុងការជម្រុញឱ្យប្រទេសកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត៕

ដោយ៖ ជា គំនិត


ចែករំលែក៖