ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖ អាមេរិក ចេះតែពង្រីកសម្ព័ន្ធភាពយោធា អត់កោតក្រែងគេសោះ

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា ទីក្រុងប៉េកាំងនឹងប្រឆាំង សកម្មភាពនៃការពង្រីកសម្ព័ន្ធភាពយោធា ដែលឥតកោតក្រែង ខណៈវាគឺជាការព្រមានថ្មីមួយទៀត ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន កំពុងប្រឹងប្រែងពង្រឹងចំណងទាក់ទងផ្នែកសន្តិសុខ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង លោករដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងថា ប្រទេសចិននឹងប្រឆាំងសកម្មភាពឥតក្រោតក្រែង នៃការពង្រីកសម្ព័ន្ធភាពយោធា ព្រមទាំងការរំលោភបំពានដែនសន្តិសុខរបស់ប្រទេសដទៃ។ លោក វ៉ាង បានបន្តថា ទីក្រុងប៉េកាំង នឹងព្យាយាមដោះស្រាយការខ្វែងគំនិតនិ ងវិវាទផ្សេងៗរវាងប្រទេសនិងប្រទេស តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់ដោយសន្តិវិធី។
ចិនធ្លាប់បានព្រមានជាយូរមកហើយថា ការប៉ុនប៉ងណាមួយដើម្បីបង្កើតសម្ព័ន្ធភាព ដែលមានលក្ខណៈស្រដៀងអង្គការណាតូ (NATO) នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក មុខជានឹងបង្កឱ្យមានបញ្ហាជម្លោះតែប៉ុណ្ណោះ។ ទីក្រុងប៉េកាំងក៏ធ្លាប់បានបន្ទោសផងដែរថា ការពង្រីកខ្លួនរបស់ NATO នៅតំបន់អឺរ៉ុបខាងកើត គឺជាហេតុផលមួយផ្នែក ដែលបណ្តាលឱ្យឈានដល់ ការផ្ទុះសង្រ្គាមនៅអ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖