ភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើកទី៨ ក្រោមអធិបតីភាពលោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាលរងរាជធានី-ខេត្ត, នាយក នាយករងរដ្ឋបាលរាជធានី ខេត្ត, នាយកទីចាត់ការ ផែនការ និងវិនិយោគ នៃរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នាឱកាសនោះ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងថា កិច្ចប្រជុំនាព្រឹកនេះគឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួនពីរ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារ របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងការគាំទ្រពីរដ្ឋបាលរាជធានីខេត្តដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជា ពិភាក្សាពីដំណោះស្រាយលើបញ្ហាប្រឈមដែលកំពុងមាននៅក្នុងពេលបច្ចុប្បន្ន និងដាក់ចេញជាទិសដៅការងារសម្រាប់អនុវត្តបន្ត។
លោក អគ្គនាយក បានបន្ថែមថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់អនុក្រឹត្យ ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងន័យនេះរដ្ឋបាលរាជធានី ខេត្ត ចាំបាច់ត្រូវផ្ដល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយយកចិត្តទុកដាក់ក្នុងការអនុវត្ត គ្រប់គ្រង និងចាត់ចែងការងារប្រកបដោយប្រសិទ្ធភាព។
លោក ក៏បានបន្តថា ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ផ្ដល់ការគាំទ្រឲ្យបានសកម្មដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ លើកិច្ចការងារមួយចំនួន ដូចជា ការរៀបចំ និងការកសាងផែន ការអនុវត្តកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ការអនុវត្តគម្រោងមូលនិធិ ការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងកិច្ចការងារចាំបាច់ផ្សេងៗទៀតឲ្យបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ពាក់ព័ន្ធនឹងការពង្រឹង និងការលើកកម្ពស់ក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោក បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំជាមួយនាយករដ្ឋបាល និងទីចាត់ការ នៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ និងបានសម្រេចឲ្យមានការរៀបចំកិច្ចប្រជុំឲ្យបានទៀងទាត់ រវាងអគ្គនាយកដ្ឋាន និងនាយករដ្ឋបាល និងនាយកទីចាត់ការពាក់ព័ន្ធនៃរដ្ឋបាលរាជធានី ខេត្ត ដើម្បីពិនិត្យ តាមដាន វឌ្ឍភាពការងារ និងបញ្ហាប្រឈមក្នុងការគាំទ្ររបស់រដ្ឋបាលរាជធានី ខេត្តដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។
កិច្ចប្រជុំពិភាក្សាលើការពង្រឹង និងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នេះត្រូវបានរៀបចំ ចំនួន៧លើករួចមកហើយដែលលើកទី៧ គឺកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ហើយកិច្ចប្រជុំនាថ្ងៃនេះគឺជាលើកទី៨។ សម្រាប់កិច្ចប្រជុំលើកទី៨នេះ មានការធ្វើបទបង្ហាញពីមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ អំពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់, វឌ្ឍនភាព និងបញ្ហាប្រឈមនៃការរៀបចំថវិកានៅថ្នាក់ក្រោមជាតិ, វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោងក្រុង ស្រុក ឃុំ សង្កាត់, វឌ្ឍនភាព និងបញ្ហាប្រឈមការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ, និងវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ផងដែរ៕
ដោយ៖ សហការី