ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ មន្រ្តីជំនាញ បានតម្រូវឱ្យអាជីវករធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់នូវភេសជ្ជៈរំលោភបំពានសិទ្ធិផ្តាច់មុខ រួមទាំងបារី ដែលពុំមាន “សារព្រមាន” របស់ក្រសួងសុខាភិបាល។
ជាក់ស្ដែងមន្ត្រី ក.ប.ប. នៅថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៣ បន្តចុះត្រួតពិនិត្យទីផ្សារជាប្រចាំ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ក្រោមចក្ខុវិស័យ និងទិសដៅរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាស្ថាប័នមានសមត្ថកិច្ច ទទួលបន្ទុកអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មន្ត្រីសខា ក.ប.ប. ខេត្តក្រចេះ ខេត្តកោះកុង និងខេត្តសៀមរាប បានចុះឃ្លាំពិនិត្យទីផ្សារ ដោយបានត្រួតពិនិត្យលើទំនិញចម្រុះគ្រប់ប្រភេទដែលចរាចរលក់លើទីផ្សារ ដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍ប្រជាពលរដ្ឋ។
ក្នុងប្រតិបត្តិការនោះ តាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញនិងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១២.៩៦គីឡូក្រាម និងទំនិញគ្មានប្រភពច្បាស់លាស់មួយចំនួនរួមមាន ថ្នាំដុសធ្មេញ ៩ប្រអប់ ប្រេងកូឡា ៤៣ប្រអប់ និងភេសជ្ជៈ ១២កំប៉ុងផងដែរ។
ជាមួយគ្នានេះ យោងតាមការបញ្ជាក់របស់មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំសាខាខេត្តក្រចេះ បានឱ្យដឹងដែរថា ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ សរុបចំនួន ៨ទីតាំង ត្រូវបានមន្ត្រីជំនាញត្រួតពិនិត្យអនុលោមភាពនាថ្ងៃទី២៣ ខែកញ្ញាថ្មីៗនេះ ដើម្បីការពារក្រែងមានការកេងបន្លំចំនួនលីត្រ ក៏ដូចជាគុណភាព ពីសំណាក់ម្ចាស់ទីតាំងខិលខូចមួយចំនួន។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញថា ស្ថានីយ ដេប៉ូប្រេងឥន្ធនៈទាំងអស់ខាងលើ គឺមានអនុលោមភាពឬត្រឹមត្រូវទាំងបរិមាណ(លម្អៀងពី០០-១.២លីត្រក្នុង១០០លីត្រ ស្ថិតក្នុងកម្រិតអនុញ្ញាត) និងថ្លៃលក់រាយផងដែរ៕
ដោយ៖ សហការី