ភ្នំពេញ៖ ចំពោះដេប៉ូប្រេងដែលត្រូវបានរកឃើញធ្វើអាជីវកម្មមិនអនុលោមទៅនឹងច្បាប់ និងត្រូវបានមន្រ្តី ក.ប.ប. អនុវត្តវិធានការពិន័យអន្តរការណ៍ទៅតាមប្រភេទ និងទំហំនៃបទល្មើសនីមួយៗ ករណីនៅតែមិនអនុវត្តតាមនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបេីយោងតាមការបញ្ជាក់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានថ្លែងឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
លោកអគ្គនាយក ក.ប.បរូបនេះ បានគូសបញ្ជាក់ថា៖ ចាប់ពីខែមករាដល់ដើមខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងប្រទេសបានចំនួន ១ ០៦១ ស្ថានីយ/ដេប៉ូ ដោយរកឃើញស្ថានីយ/ដេប៉ូចំនួន ២០៥ បានប្រកបអាជីវកម្មមិនស្មោះត្រង់ផ្នែកគុណភាព (សន្ទស្សន៍អុកតាន) និងបរិមាណ។
ដោយឡែកអគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប លោក ឃួន សាវុធ ក៏បានបញ្ជាក់ដែរថា នៅពេលដែល ក.ប.ប ត្រួតពិនិត្យលើកទី១ ឃើះញថា ម្ចាស់ស្ថានីយឬដេប៉ូ ប្រព្រឹត្តខុសនឹងធ្វើការពិន័យទៅតាមច្បាប់។ បន្ទាប់មកទៀត បើនៅតែប្រព្រឹត្តខុសទៀត នឹងធ្វើសំណើរទៅគណៈកម្មាធិការជាតិអ្នកប្រើប្រាស់ដើម្បីស្នើសុំបិទ ផ្អាក ឬដកអាជ្ញាប័ណ្ណជាបណ្តោះអាសន្នដែលសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យម្ចាស់ស្ថានីយ ឬដេប៉ូនោះធ្វើការកែប្រែ។
ប្រជាពលរដ្ឋប្រកបរបរផ្សេងគ្នា នៅរាជធានីភ្នំពេញ បានគាំទ្រ និងលើកឡើងថា រយៈពេលចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈមានការកើនឡើងជាបន្តបន្ទាប់ ដែលប្រែប្រួលតម្លៃប្រងឥន្ធនៈគឺយោងតាមទីផ្សារអន្តរជាតិ គ្រាដែលកម្ពុជា ជាប្រទេសនាំចូលប៉ុណ្ណោះ។
គួរជម្រាបជូនថា ក្នុងច្បាប់ស្តីពីការប្រកួតប្រជែង ចំពោះធុរជនដែលជាម្ចាស់ស្ថានីយ ឬដេប៉ូប្រេងឥន្ធនៈ ក្នុងករណីរកឃើញថា មិនគោរពតាមច្បាប់ នឹងត្រូវរងការពិន័យ មានដូចជា៖ ពិន័យជាទឹកប្រាក់ចំនួនពី ១០ លាន ទៅ ២០លានរៀល , ពិន័យជាអន្តរកាល ឬអាចឈានទៅដល់ការស្នើរសុំបិទទីតាំងតែម្តង៕
ដោយ៖ សហការី