ខេត្តក្រចេះ ៖ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះបានសហការជាមួយកម្លាំងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ,ក្រុមប្រឹក្សាឃុំចំបក់ និងឃុំឫស្សីកែវ,កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល,សហគមន៍នេសាទ និងប្រជាការពារភូមិ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបបទល្មើសនេសាទ នៅតាមកន្លែងទំនាបស្រែលិចទឹកនៅចំណុចបឹងក្បាលខ្មោច ក្នុងភូមិចំបក់ ១-ចំបក់២ ឃុំចំបក់ និងភូមិស្វាយជុំ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
របាយការណ៍ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចចុះបង្រ្កាបរឹបអូស បានឧបករណ៍នេសាទដូចខាងក្រោម៖
១៖ បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទល្មើស ច្បាប់រួមមាន៖របាំងស្បៃមុងចំនួន២២ខ្សែ ប្រវែង២៥០០ ម៉ែត្រ,លូស្បៃមុងចំនួន២៦មាត់លូ, បង្គោលចម្រឹងប្ញស្សីចំនួន២៨០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ៤៥០គីឡូក្រាម ចូលក្នុងដែនទឹកធម្មជាតិវិញ។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកនេសាទទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា ស្បៃមុង សាច់អួនក្រឡាញឹក ជាដើម និងឧបករណ៍នេសាទឆក់ត្រី,ដាក់ថ្នាំបំពុលតាមបឹង,ព្រែក,អូរ សូមបញ្ឈប់ជាបន្ទាន់ ហើយលោកស្នើឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធដើម្បីបង្រ្កាប និងទប់ស្កាតបទល្មើសជលផល ឲ្យមានប្រសិទ្ធភាព។
នៅរដូវបិទនេសាទនេះ ខណ្ឌរដ្ឋបាលជលផលខេត្ត ក្រចេះតែងតែចុះល្បាតបង្ក្រាបបទល្មើសនេសាទជាញឹកញាប់។ យ៉ាងណាក៏ដោយវាមិនមែន ជាមោទនភាពដែលបង្ក្រាបបាននោះទេ។ ផ្ទុយទៅវិញខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះអំពាវនាវឲ្យប្រជាពលរដ្ឋយល់អំពីបញ្ហាច្បាប់ជលផលនិងរួមគ្នាការពារធនធានមច្ឆជាតិ ជាពិសេសច្បាប់ស្ដីពីជលផលនៅក្នុងរដូវបិទនេសាទ។
លោកនាយខណ្ឌបញ្ជាក់ទៀតថា បើបងប្អូនអ្នកនេសាទ នៅតែឆ្លៀតលួចប្រព្រឹត្តនេសាទខុសច្បាប់ ដែលច្បាប់បានហាមឃាត់ដូចជា ឧបករណ៍ឆក់ត្រី, ប្រើប្រាស់របាំងស្បៃមុង ,សាច់អួនក្រឡាញឹក, ឬដាក់ថ្នាំបំពុលតាមព្រែក អូរ នោះ នៅថ្ងៃណាមួយ បងប្អូននិងត្រូវសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ហើយបទល្មើសឆក់ត្រី ត្រូវជាប់ពន្ធនាគារពី៣ឆ្នាំទៅ៥ឆ្នាំ៕
ដោយ៖ សូរិយា