ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូម៉ាកADVបុកជាមួយរថយន្តស៊េរីទំនើបម៉ាកALPHARDនៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យរងការខូចខាតទាំងសងខាង និងធ្វេីឱ្យអ្នកជិះម៉ូតូរបួសដៃម្ខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៦១ កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកADVពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ1IX-7739 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦១ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើដែលជាផ្លូវបំបែកជាបួន ក៏បុកជាមួយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AV-3721បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ១៥៦ក្នុងទិសដៅពីលិចទៅកើតចំចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកម៉ូតូរបួសដៃម្ខាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានធ្វើការវាស់វែងគូសចំណាំ រួចឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ ក្រោយមកខាងភាគីរថយន្តបានចេញសំណងទៅឲ្យភាគីខាងម៉ូតូចំនួន ២២៤ ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖ សុខាសែនជ័យ