ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីបំភ្លឺព័ត៌មាន របស់ អគ្គនាយកដ្ឋានពន្ធដារពាក់ព័ន្ធនឹងការប្រមូលពន្ធស្របតាមច្បាប់សារពើពន្ធ

ចែករំលែក៖

ភ្នំពេញ ៖ នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា មានការលើកឡើង តាមបណ្តាញសង្គមមួយចំនួនដោយការភាន់ច្រឡំ ឬក្នុងចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់ដែលពុំបានឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសស្រាក់សស្រីរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ ដើម្បីចៀសវាងការភាន់ច្រឡំដោយប្រការណាមួយមកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ត កែទម្រង់រដ្ឋបាលសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺជូនសាធារណជន ដូចតទៅ៖

១. អំពីការយកពន្ធលើចំណេញមូលធន

ពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ។ សម្រាប់នីតិបុគ្គល ពន្ធនេះ ត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ជាក់ស្ដែង ក្រុមហ៊ុន និងសហគ្រាសនានាបានបង់ពន្ធលើប្រាក់ ចំណូលដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះសហគ្រាសដែលប្រកបអាជីវកម្មលើវិស័យអចលនទ្រព្យក៏ បានបង់ពន្ធនេះដែរ។ ក្រោយមក ពន្ធលើចំណេញមូលធនត្រូវបានដាក់បញ្ចូលក្នុងច្បាប់ស្តីពីសារពន្ធឆ្នាំ១៩៩៧ ហើយ ការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលត្រូវបានចែងលម្អិតក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០០៧។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីនៃការប្រមូលពន្ធលើ ចំណេញមូលធនសម្រាប់រូបវន្តបុគ្គលរួចរាល់តាំងពីឆ្នាំ២០២០ ដោយផ្អែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹង ការអនុគ្រោះក្នុងកម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្តនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់និង សាកលលោក។ ជាការគិតគូរចំពោះផលប៉ះពាល់នានាបណ្តាលពីការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក៏បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ ចំនួន ៣ លើករួចមកហើយ ដោយចុងក្រោយកំណត់យករយៈពេលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ ទ្រព្យជាមូលធន ៥ផ្នែក (ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស)។ ដោយឡែក ពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចពន្យារការចាប់ផ្តើមអនុវត្ត រហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។

ដូច្នេះ ការលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បាននិងកំពុងពិចារណាបន្ថែមលើក្របខ័ណ្ឌក្នុងការសម្រួលការអនុវត្តពន្ធលើចំណេញមូលធន ក៏ដូចជា រយៈពេលកំណត់ សមស្របក្នុងការចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលនេះ។

សូមអានទាំងស្រុងនូវ សេចក្តីបំភ្លឺព័ត៌មាន របស់ អគ្គនាយកដ្ឋានពន្ធដារពាក់ព័ន្ធនឹងការប្រមូលពន្ធស្របតាមច្បាប់សារពើពន្ធ ដូចខាងក្រោម ៕

ដោយ ៖ សិលា


ចែករំលែក៖