ភ្នំពេញ ៖ បេះដូង ជាសរីរាង្គដ៏សំខាន់មួយរបស់មនុស្ស ដែលលោតកន្ត្រាក់ដោយស្វ័យប្រវត្តិ ដោយសារខាងក្នុងបេះដូងមានខ្សែចរន្តអគ្គិសនីធម្មជាតិពិសេសម៉្យាង ដែលបញ្ជារបេះដូងឱ្យដំណើរការដោយខ្លួនឯងតាំងពីកើតរហូតដល់ចាស់ឈឺស្លាប់។
ជំងឺវិបត្តិចង្វាក់បេះដូង ជាជំងឺបេះដូងមួយប្រភេទ ដែលបណ្តាលមកពីភាពចុះខ្សោយ និងភាពមិនប្រក្រតីរបស់ខ្សែចរន្តអគ្គិសនីធម្មជាតិនៃបេះដូង។ ហើយជំងឺវិបត្តិចង្វាក់បេះដូងនេះ ចែកចេញជាពីរធំៗ គឺ៖
ក) ជំងឺវិបត្តិចង្វាក់បេះដូងដើរយឺត (Bradyarrhythmia)
ខ) និង ជំងឺវិបត្តិចង្វាក់បេះដូងដើរលឿន (Tachyarrhythmia)
តើជំងឺវិបត្តិចង្វាក់បេះដូង មានរោគសញ្ញានិងវិធីព្យាបាលដូចម្តេចខ្លះ?
ក) ជំងឺវិបត្តិចង្វាក់បេះដូងដើរយឺត (Bradyarrhythmia): ច្រើនជួបលើអ្នកជំងឺវ័យចំណាស់ តែក៏អាចមានពីកំណើតលើអ្នកជំងឺវ័យក្មេងនិងទារកផងដែរ ជំងឺនេះមានដូចជាប្រភេទ Sinus Sick Syndrome, High Grade and Complete Heart Block, etc. រីឯរោគសញ្ញាមានដូចជា អស់កម្លាំង ធ្វើការឆាប់ហត់ វិលមុខ សន្លប់ បើធ្ងន់រហូតដល់គាំងបេះដូង -ល-។ ចំនែកឯវិធីព្យាបាលវិញ តម្រូវឱ្យធ្វើការវះដាក់ថ្មបេះដូងសិប្បនិម្មិត (Permanent Pacemaker Implantation) (បើសិនមិនមានមូលហេតុផ្សេងទៀត) ដើម្បីភ្ញោចបេះដូងឱ្យបន្តដើរទៅមុខទៀតក្នុងករណីបេះដូងដើរយឺតរឺគាំង។
ខ) ជំងឺវិបត្តិចង្វាក់បេះដូងដើរលឿន (Tachyarrhythmia): កើតមានលើមនុស្សគ្រប់វ័យ ជំងឺនេះមានដូចជាប្រភេទ ជំងឺថតបេះដូងខាងលើ: AV nodal re-entrant tachycardia, AV re- entrant tachycardia, atrial flutter, atrial tachycardia, atrial fibrillation និងជំងឺបេះដូងថតបេះដូងខាងក្រោម: Premature ventricular complex, ventricular tachycardia, ventricular fibrillation, etc. រីឯរោគសញ្ញាមានដូចជា ថប់ទ្រូង, ញ័រទ្រូង, វិលមុខ, ខ្លះដល់សន្លប់ -ល- ។ ចំនែកឯវិធីព្យាបាលវិញ ព្យាបាលដោយថ្នាំ (Antiarrhymic drugs) រួចឈានទៅដល់ការព្យាបាលវេជ្ជសាស្ត្រទំនើបបែបអាប្លាស្យង់ (Catheter Ablation by Radiofrequency) ពេលខ្លះតម្រូវប្រើវិធីព្យាបាលទាំងពីរបញ្ចូលគ្នា (ទៅតាមប្រភេទនៃជំងឺ) ករណីដែលអ្នកជម្ងឺមានជម្ងឺបេះដូងដើរលឿនហើយគាំង (Ventricular Tachycardia and Ventricular Fibrillation) ដោយសារបេះដូងរីកហើយខ្សោយ ឫ ស្ទះសរសៃឈាមបេះដូង (ទោះពង្រីកសរសៃឈាមដោយរុឺស័រហើយក៏ដោយ) (ទៅតាមប្រភេទនៃជម្ងឺ) តម្រូវធ្វើការព្យាបាលដោយការវះដាក់ ថ្មបេះដូងសម្រាប់ឆក់ ប្រភេទ Implantable Cardioverter Defibrillator (ICD) បន្ថែមពីលើការព្យាបាលដោយថ្នាំ (Antiarrhythmic drugs) ដើម្បីការពារអាយុជីវិត.
«បើសិនលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងទុកឲ្យជំងឺនេះវិវត្តន៍ទៅធ្ងន់ធ្ងរ ដែលអាចគម្រាមកំហែងដល់អាយុជីវិតលោកអ្នក។» នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សហការី