ភ្នំពេញ៖ ក្រុមរថយន្តមន្ទីរពេទ្យឯកជននៅតែបន្តដេីរដឹកជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវផ្គេីននឹងការណែនាំរបស់ក្រសួងសុខាភិបាល។
ជាក់ស្តែងនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្លូវក្រវាត់ក្រុង ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល មានគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងខណៈយុវជន២នាក់ជិះម៉ូតូឌុបគ្នាមកពីធ្វេីការវិញបំណងទៅផ្ទះត្រូវរថយន្តធុនធំដឹកពោងស៊ីម៉ងត៍បុកបណ្តាលឱ្យរងរបួសបាក់ជេីង ហេីយរថយន្តបង្កបានគេចខ្លួនបាត់។បន្ទាប់មកមានរថយន្តមន្ទីរពេទ្យឯកជនដោយមិនមានបិទស្លាកយីហោមន្ទីរពេទ្យមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ទោះប្រជាពលរដ្ឋសួរនាំមន្ទីរពេទ្យឈ្មោះអ្វីនៅទីណាក៏មិនប្រាប់ គឺដឹកជនរងគ្រោះយកទៅបាត់ដោយផ្គេីននឹងការណែនាំរបស់ក្រសួងសុខាភិបាល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញយុវជន២នាក់ប្រុសស្រីបានជិះម៉ូតូម៉ាកBeat ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1JG-2102 ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវាត់ក្រុងក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តធុនធំដឹកសណ្តោងពោងស៊ីម៉ងត៍ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីតក៏ជ្រុលទៅបុកម៉ូតូបណ្តាលឱ្យរងរបួសបាក់ជេីងទាំង២នាក់ ភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់ទៅ។ បន្ទាប់មកស្រាប់តែមានរថយន្តមន្ទីរពេទ្យឯកជន២គ្រឿងដោយមិនមានបិទស្លាកយីហោមន្ទីរពេទ្យឈ្មោះអ្វីនោះទេ គ្រាន់តែដាក់គិលានសង្គ្រោះ២៤ម៉ោងតែប៉ុណ្ណោះ មកដណ្តេីមជនរងគ្រោះដឹកយកទៅបាត់ ទោះជាប្រជាពលរដ្ឋសួរនាំមន្ទីរពេទ្យឈ្មោះអ្វីនិងដឹកទៅណាក៏ក្រុមពេទ្យទាំងនោះមិនតបតដែរ ហេីយបានដឹកជនរងគ្រោះទាំង២នាក់យកទៅបាត់។
កន្លងមកក្រសួងសុខាភិបាលបានចេញលិខិតមិនអនុញ្ញាតឱ្យក្រុមរថយន្តឯកជនមួយណាដេីរដឹកជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនោះទេ តែបច្ចុប្បន្ននៅតែមានក្រុមរថយន្តមន្ទីរពេទ្យឯកជនដេីរដឹកនិងដណ្តេីមគ្នាយ៉ាងអនាធិបតេយ្យដដែល។
ចំពោះម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនមកទទួលយកទៅវិញ៕
ដោយ៖សុខាសែនជ័យ