ព័ត៌មានទាន់ហេតុការណ៍៖

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ​ ចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ​ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូង​ តបតាមការអញ្ជើញ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នឹងមានជំនួបទ្វេភាគី ក្នុងគោលបំណងកំណត់ទិសដៅសកម្ម ភាព ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពី បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។

បន្ថែមពីនេះ ថ្នាក់ដឹកនាំកម្ពុជា-ថៃ នឹងធ្វើការប្រគល់ទទួលនូវ “មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត” ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោក សេដ្ឋា ថាវីស៊ីន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែក ចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ក្រសួងការបរទេស​កម្ពុជា​ បានបញ្ជាក់បន្ថែមថា​ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មកកាន់កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់កិច្ចសហប្រតិ បត្តិការ ពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព» ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕

ដោយ​៖ សហការី​


ចែករំលែក៖