ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវស្វែងយល់ពីជំងឺហឺត!

ចែករំលែក៖

ភ្នំពេញ ៖ ជាទូទៅ ជំងឺហឺតអាចចាប់ផ្តើមកើតក្នុងវ័យកុមារភាព ហើយក៏អាចកើតលើមនុស្សគ្រប់វ័យ និងអាចជាបញ្ហាអស់មួយជីវិត។ វាមិនមែនជាជំងឺឆ្លងទេ ប៉ុន្តែវាច្រើនកើតលើកុមារដែលមានសាច់ញាតិមានជំងឺហឺតនេះ។

មនុស្សដែលមានជំងឺហឺតជាយូរឆ្នាំ អាចកើតមានការស្ទះខ្យល់ក្នុងសួត (Emphysema)។ ជំងឺហឺតអាចស្តែងចេញជារោគសញ្ញាផ្សេងៗច្រើនសណ្ឋានដូចជា ឡេះឡះ ប្រកាច់ និងមានការពិបាកដកដង្ហើម។ គេអាចស្តាប់រកសំឡេងដង្ហើមឆ្មា សំឡេងងឺតៗ ហើយវែង ជាពិសេសនៅពេលដកដង្ហើមចេញ។ នៅពេលដែលអ្នកជំងឺដកដង្ហើមចូល ស្បែកដែលនៅលើឆ្អឹងដងកាំបិត និងចន្លោះឆ្អឹងជំនីរបស់អ្នកជំងឺអាចផតចូល ដោយសារគេប្រឹងស្រូបយកខ្យល់។ បើគេមិនអាចស្រូបយកខ្យល់ឲ្យបានគ្រប់គ្រាន់ទេនោះ ក្រចកនិងបបូរមាត់របស់គេនឹងឡើងខៀវ ហើយសរសៃឈាមវ៉ែននៅករបស់គេអាចប៉ោង។ ធម្មតាគ្មានគ្រុនក្តៅទេ។

ក) មូលហេតុ៖

ការធ្វើទុក្ខនៃជំងឹហឺត អាចបង្កឡើងដោយៈ

   – ការបរិភោគអាហារប្រភេទខ្លះ 

   – ការដកដង្ហើមចូលនូវវត្ថុ ដែលមនុស្សនោះមានអាល់ឡែហ្ស៊ីជាមួយ។ 

   – ចំពោះកុមារតូចៗ ជំងឺហឺតចាប់ផ្តើមធ្វើទុក្ខដោយសារមានជំងឺគ្រុនផ្តាសាយ

   – ចំពោះមនុស្សខ្លះ ជំងឺហឺតធ្វើទុកនៅពេលមានអារម្មណ៍ភ័យខ្លាច ឬការព្រួយបារម្ភខ្លាំង។

   – ជំងឹហឺតក៏អាចបណ្តាលមកពីខ្យល់អាកាសមិនស្អាត (ផ្សែងពុល) ដូចជាផ្សែងបារី ផ្សែងដុតសំរាម ឬផ្សែងពីចង្ក្រាន និងផ្សេងពីការដុតនៅតាមវាលស្រែ ឬផ្សែងឡាន និងផ្សែងតាមរោងចក្រឧស្សាហកម្មផ្សេងៗ។

ខ) ការព្យាបាល៖ 

បញ្ជាក់៖ ការព្យាបាលទាមទារការជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ស្វែងយល់អំពីជំងឺ ការវិវត្តន៍ និងជំរើសផ្សេងៗនៃការព្យាបាល។

   – បើជំងឺហឺតមានសភាពកាន់តែធ្ងន់ធ្ងរនៅពេលស្នាក់នៅក្នុងផ្ទះ គេគួរចេញទៅខាងក្រៅផ្ទះ នៅកន្លែងដែលមានខ្យល់អាកាសល្អបំផុត។ ត្រូវជួយពួកគេដោយ រក្សាការស្ងៀមស្ងាត់ សុភាពជាមួយអ្នកជំងឺហឺត។

   – ផ្តល់ទឹកឲ្យបានច្រើន។ ការធ្វើរបៀបនេះជួយពង្រាវស្លេស និងធ្វើឲ្យងាយដកដង្ហើម។ ការហឺតចំហាយទឹកក្តៅក៏អាចជួយឲ្យបានធូរស្រាលខ្លះដែរ។

   – ចំពោះពេលធ្វើទុក្ខ ការព្យាបាលដោយប្រើប្រដាប់ហឺតថ្នាំសាល់ប៊ុយតាម៉ុល(Salbutamol) ឲ្យបានញឹកញាប់តាមត្រូវការ។ ថ្នាំនេះគឺជាថ្នាំបាញ់ដែលអ្នកត្រូវហឺតចូលយ៉ាងវែងតាមដែលអាចធ្វើបាន។

បញ្ជាក់៖ បើអ្នកជំងឺនៅតែមិនធូរស្រាលទេ សូមស្វែងរកជំនួយពីគ្រូពេទ្យដែលនៅជិតបំផុត។

គ) ការបង្ការ៖

វិធីបង្ការមួយចំនួនសម្រាប់អ្នកជំងឺហឺតមានដូចជាៈ

   – មនុស្សដែលមានជំងឹហឺតគួរតែជៀសវាងការបរិភោគអាហារ ឬការដកដង្ហើមចូលនូវវត្ថុណាដេលបណ្តាលឲ្យជំងឹហឺតធ្វើទុក្ខ។ 

   – ផ្ទះ ឬកន្លែងធ្វើការត្រូវរក្សាឲ្យបានស្អាតជានិច្ច។

   – កុំឲ្យមានមាន់ ឬសត្វដទៃទៀតចូលក្នុងផ្ទះ។

   – ដាក់កម្រាលពូកហាលថ្ងៃ។ 

   – ជួនកាល ការដេកនៅខាងក្រៅផ្ទះ នៅកណ្តាលវាល ក៏អាចជួយដែរ។ 

   – ផឹកទឹកយ៉ាងតិច ៨កែវ ក្នុងមួយថ្ងៃដើម្បីឲ្យស្លេសវាវ។ 

   – អ្នកជំងឺហឺតអាចធូរស្រាល បើគេស្ថិតនៅកន្លែងដែលមានខ្យល់អាកាសល្អ។

   – អ្នកមានជំងឺហឺត កុំជក់បារី ព្រោះការជក់បារីធ្វើឲ្យសួតអ្នកខូចកាន់តែខ្លាំង។

 “សូមលោក លោកស្រីដែលមានបញ្ហាជំងឺសួត ពិសេសជំងឺហឺត មេត្តាមកទទួលការពិគ្រោះយោបល់ និងទទួលបានចំណេះដឹងថ្មីៗអំពីការថែរក្សាសុខភាពសួត ជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញឯកទេសជំងឺសួត នៅមន្ទីរពេទ្យកាល់ម៉ែត។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សហការី


ចែករំលែក៖