ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖ ខ្សែរថភ្លើងល្បឿនលឿនដំបូងដែលរត់ឆ្លងសមុទ្រនៅក្បែរច្រកសមុទ្រតៃវ៉ាន់

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា ប្រទេសចិនទើបចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការនូវបណ្តាញខ្សែរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ដែលធ្វើដំណើរឆ្លងកាត់ផ្ទៃសមុទ្រ ដោយវារត់អមក្បែរបណ្តោយឆ្នេរនៃខេត្តហ្វូជាន (Fujian) នៅកៀកនឹងច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកចិនដីគោកនិងកោះតៃវ៉ាន់។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ រថភ្លើងល្បឿនលឿនមួយគ្រឿង បានធ្វើដំណើរចេញពីទីក្រុងហ្វូចូវ (Fuzhou) ដែលជារដ្ឋធានីនៃខេត្ត Fujian ដើម្បីបើកដំណើរការជាផ្លូវការខ្សែផ្លូវរថភ្លើង Fuzhou-Xiamen-Zhangzhou ដែលមានចម្ងាយសរុប ២៧៧គីឡូម៉ែត្រ។ វាគឺជាបណ្តាញខ្សែរថភ្លើងល្បឿនលឿន ឆ្លងផ្ទៃសមុទ្រដំបូងបង្អស់របស់ចិន ដោយរថភ្លើងត្រូវបើកកាត់ឆកសមុទ្រចំនួន៣និងក្នុងល្បឿនធ្វើដំណើរអតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ថា ការធ្វើដំណើររវាងទីក្រុង Fuzhou នឹង Xiamen ដែលមួយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងមួយជាកន្លែងពេញនិយម សម្រាប់ភ្ញៀវទេសចរក្នុងស្រុក គឺនឹងត្រូវចំណាយពេលមិនដល់១ម៉ោងឡើយ។ គិតត្រឹមឆ្នាំ២០២២ ចិនមានផ្លូវដែកល្បឿនលឿនសរុបចម្ងាយប្រហែល ៤២,០០០គីឡូម៉ែត្រ។ ក្នុងចំណោមនោះ ប្រវែងនៃខ្សែផ្លូវដែកល្បឿនលឿនដែលធ្វើប្រតិបត្តិការក្នុងល្បឿន ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង មានជិត៣,២០០គីឡូម៉ែត្រ គិតត្រឹមខែមិថុនា ឆ្នាំ២០២២៕ ដោយ៖ ធីរីណា

រូប​ថត​៖ china daily


ចែករំលែក៖