ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចឃុំខ្លួនក្មេងស្រីទំនើងជើងរន្ទះម្នាក់ តាមចាប់៣ នាក់ទៀតកំពុងគេចខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតលោក សំ សំណាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនក្មេងស្រីទំនើងជើងរន្ទះម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ខណៈសមត្តកិច្ចកំពុងស្វែងរកចាប់ខ្លួនបក្ខពួក៣ ទៀតដែលគេចខ្លួន ។ ដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ គ្រុយ ស្រីលាភ អាយុ១៥ ឆ្នាំ ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ពួតគ្នាវាយ)ប្រព្រឹត្តិនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំ ពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ។ បើយោងតាមមាត្រា ២១៨ អំពើហឹង្សាដោយមានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៤ លានទៅ ១០ លានរៀល ។ ដីកាបានបង្គាប់ឲ្យភ្នាក់ងារមានសម ត្តកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ គ្រុយ ស្រីលាភ យកទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។ 

សូមជម្រាបថា តាមបទបញ្ជាពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំ ពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែន ការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងការិយា ល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនក្មេងស្រីវ័យទំនើងជើងរន្ទះម្នាក់ ក្នុងចំណោមបក្ខពួក៤ នាក់ នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ពន្ធករណីប្រើអំពើហិង្សា ព្រួតគ្នាយកដៃ និងជើង វាយទាត់ធាក់ទៅលើជនរងគ្រោះដែលជាមិត្តភក្តិ បណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន គ្រាន់តែរឿងចោទប្រកាន់គ្នាថា លួចស្បែកជើង ។ 

ជនសង្ស័យមានឈ្មោះ គ្រុយ ស្រីលាភ អាយុ១៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

ចំណែកជនរងគ្រោះឈ្មោះ យ៉េន សុនីតា ភេទស្រី អាយុ១៤ ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ “ដោយមានស្លាកស្នាមរបួសជាំភ្នែកស្តាំ ជាំត្រចៀកឆ្វេង និងចុកពោះខាងឆ្វេង” ។ 

 សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៦ ព្រឹក មានករណីអំពើហិង្សាមួយបានកើតឡើង ដោយក្មេង ស្រីវ័យទំនើងជើងរន្ទះមួយក្រុម៤ នាក់ ព្រួតគ្នាយកដៃ និងជើង វាយទាត់ធាក់ ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរងរបួសឈឺ ចុកចាប់ពេញដងខ្លួន ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់លេខ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បន្ទាប់ពីមានហេតុការនោះកើតឡើង សមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនបង្កម្នាក់គឺឈ្មោះ គ្រុយ ស្រីលាភ នេះ ។ ពេលឃាត់ខ្លួនជនសង្ស័យបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា អ្នកធ្វើសកម្មភាពវាយជនរង គ្រោះទាំងអស់៤ នាក់គឺ ៖ 

១.ឈ្មោះ គ្រុយ ស្រីលាភ ភេទស្រី អាយុ ១៥ ឆ្នាំ (រូបគេ)

២.ឈ្មោះ ស្រីលី ភេទស្រី អាយុប្រហែល ១៦ ឆ្នាំ (គេចខ្លួន)

៣.ឈ្មោះ ស្រីរ៉ា ភេទស្រី អាយុប្រហែល ១៦ ឆ្នាំ (គេចខ្លួន)

៤.ឈ្មោះ ស្រីយូ ភេទស្រី អាយុប្រហែល ១៦ ឆ្នាំ (គេចខ្លួន) ។ 

 ជនសង្ស័យបន្តថា ដើមចមបណ្តាលឲ្យកើតមានអំពើហិង្សានោះ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះ និងជនសង្ស័យជាមិត្តភក្តិនឹងគ្នាទាំងអស់មានចំនួន៧ នាក់ ពួកគេបាននាំគ្នាទៅជួលបន្ទប់ផ្ទះសំណាក់កន្លែងកើតហេតុចំនួន០២ បន្ទប់លេខ២០៤ និងលេខ២០៥ ជាន់ទី២ ស្នាក់នៅ ។ រហូតដល់ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១យប់ ជនរងគ្រោះ និងជនសង្ស័យក៏បានជួលបន្ទប់ចំនួន០២ ទៀត គឺបន្ទប់លេខ២១១ និងបន្ទប់២០៨ សរុបចំនួន០៤ បន្ទប់ ។ ពេលជួលបន្ទប់ដេកហើយ ជនរងគ្រោះបានចុះទៅទិញស្រាបៀរហ្គេនស្បើតចំនួន៦ កំប៉ុង ដើម្បីយកមកផឹកស៊ីទាំងអស់គ្នា ខណៈពេលកំពុងផឹកជនរងគ្រោះបាននិយាយ ហើយនិយាយទៀតថា ស្រីលី លួចស្បែកជើងអញមែនទេ តែសំដីនេះមិនមានអ្នកណាឆ្លើយតបអ្វីឡើយ ។ លុះពេលផឹកស្រាបៀរអស់ហើយពួកគេក៏នាំគ្នាដេកតាមបន្ទប់រៀងៗ ខ្លួនទៅ ដោយឡែកជនរងគ្រោះទៅដេកនៅបន្ទប់លេខ២០៥ ជាមួយឈ្មោះ ស្រីយូ រហូតដល់វេលាម៉ោង៦ ព្រឹក ទើបជនរងគ្រោះបានចេញពីបន្ទប់របស់ខ្លួន ហើយបានទៅគោះ ទ្វារបន្ទប់ដែលឈ្មោះ ស្រីលី និងឈ្មោះ ស្រីរ៉ា កំពុងដេក ទើបធ្វើឲ្យពួកគេពីរនាក់បានទៅហៅខ្លួន (គ្រុយ ស្រីលាភ) ដែលកំពុងដេកនៅបន្ទប់លេខ២១១ ដើម្បីមកជួបជុំគ្នាដោយជនរងគ្រោះកំពុងដេកជាមួយឈ្មោះ ស្រីយូ ។ ជនសង្ស័យបន្តថា ពេលទៅដល់ឈ្មោះ ស្រីលី បានសួរទៅជនរងគ្រោះថា ហេតុអ្វីបានជាចោទថាអញលួចស្បែកជើង ហើយជនរងគ្រោះនៅតែនិយាយដដែលៗថា ស្រីលី ជាអ្នកលួចស្បែកជើងរបស់ខ្លួន ទើបពេល នោះពួកគេទាំង៤ នាក់ បានស្ទុះចូលទៅវាយ ទាត់ធាក់ លើជនរងគ្រោះ ចំក្បាល ត្រចៀកខាងឆ្វេង ចំពោះ និងផ្ទៃមុខ ដោយស្រែកគំរាមថា ហេតុអីបានជាចោទថាអញលួចស្បែកជើងរបស់ង៉ែង ។ ភ្លាមនោះឈ្មោះ ស្រីយូ បានយកទូរសព្ទ័ដៃមកថតពីសកម្មភាព ដែលពួកគេបានព្រួតគ្នាវាយទៅលើជនរងគ្រោះ រួច ហើយក៏នាំគ្នាចូលទៅដេកតាមបន្ទប់វិញទៅ ។ ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងផ្នែកលើពាក្យបណ្តឹងជន រងគ្រោះ ពាក់ព័ន្ធអំពើហិង្សាដោយមានស្ថានទម្ងន់ទោស នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖