សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញាឆ្នាំ២០២៣បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងបាននិងកំពុងវាយលុកលើ តំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដោយនាថ្ងៃព្រហស្បតិ៍នេះ បានបង្កឱ្យមានការជន់លិចផ្លូវនិងរាំងស្ទះចរាចរណ៍នៅពាសពេញរដ្ឋធានីហាណូយ។
នាវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ ចរាចរណ៍នៅតាមតំបន់ទីប្រជុំនៃទីក្រុងហាណូយបានជួបភាពជាប់គាំងដោយសារតែការជន់លិចផ្លូវ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង។ ផ្លូវសំខាន់ៗនៅក្នុងរដ្ឋធានីរបស់វៀតណាមត្រូវបានទឹកជន់លិចកម្ពស់ចន្លោះ៣០-៥០សង់ទីម៉ែត្រ បន្ទាប់ពីភ្លៀងបានបន្តធ្លាក់ឥតឈប់ឈរ តាំងតែពីយប់ថ្ងៃពុធ។ ចំណែកនៅតាមបណ្តាខេត្តមួយចំនួនក្នុងតំបន់ភាគខាងជើងវៀតណាម ដូចជាខេត្ត ថាញ់ ហូ (Thanh Hoa), ញេ អាន (Nghe An) និងហាធីញ (Ha Tinh) ក៏បានមើលឃើញការលិចលង់ធ្ងន់ធ្ងរ រួមជាមួយគ្រោះបំណាក់ដី ដោយសារតែភ្លៀងធ្លាក់ផងដែរ នៅក្នុងសប្តាហ៍នេះ។
វៀតណាមគឺជាប្រទេសងាយទទួលរងគ្រោះ ដោយសារព្យុះភ្លៀង និងទឹកជំនន់ដែលមានលក្ខណៈកាចសាហាវ។ តួយ៉ាង យោងតាមស្ថិតិរបស់រដ្ឋាភិបាលវៀតណាមផ្ទាល់ មានមនុស្ស៤៥១នាក់ បានបាត់បង់ជីវិតឬបាត់ខ្លួន កាលពីឆ្នាំទៅមិញ ដោយសារតែគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់និងបំណាក់ដីជាដើម។
ទឹកជំនន់បានក្លាយជាបញ្ហា ដែលកើតមានកាន់តែញឹកញាប់នៅទីក្រុងហាណូយ ស្របពេលដែលផ្លូវនិងប្រព័ន្ធលូបង្ហូរទឹកពិបាកក្នុងការគាំទ្រចំនួនប្រជាជនដែលបន្តកើនឡើងយ៉ាងឆាប់រហ័ស៕ ដោយ៖ ធីរីណា
រូបថត៖ VOV