ភ្នំពេញ ៖ ស្ត្រីម្នាក់រៀបចំខោអាវ បម្រុងទៅស្រុក ខណៈដែលប្តីរវល់ចេញទៅសុំច្បាប់នៅកន្លែងការងារ លុះមកបន្ទប់ជួលវិញ ប្រទះឃើញប្រពន្ធដេកស្លាប់ក្នុងអង្រឹង បាត់ទៅហេីយបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខB13 ផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពស្ត្រីខាងលើមានឈ្មោះ ពៅ សារ៉ាន់ អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្តីឈ្មោះ ពយ ឡែន អាយុ៥៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ មានស្រុកកំណើតនៅ ភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
បើតាមក្រុមគ្រួសារ បានឱ្យដឹងថា ស្ត្រីខាងលើមានជម្ងឺប្រចាំកាយ ហើយកាលពីម្សិលមុិញ ប្តីនាំទៅមន្ទីរពេទ្យ រួចក៏វិលមកបន្ទប់ជួលវិញ ដោយអាការៈជម្ងឺ មិនស្រួលខ្លួន នឹកគិតថាបើនៅបន្ទប់ជួល គ្មានបងប្អូនជួយមើលថែទេ ហើយក៏គិតឯកភាពគ្នា វិលទៅស្រុកកំណើត គ្រាន់បានឳពុកម្តាយ បងប្អូនជួយមើលថែ លុះនៅវេលាម៉ោង៥ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្តីឱ្យប្រពន្ធរៀបចំបង្វិចខោអាវ ត្រៀមទៅស្រុក ក៏ប៉ុន្តែមុននឹងទៅ ឆ្លៀតទៅសុំច្បាប់នៅកន្លែងការងារសិន ស្រាប់តែមកដល់បន្ទប់ជួលវិញ បែរជាប្រទះឃើញប្រពន្ធដេកស្លាប់ក្នុងអង្រឹងបាត់ទៅហើយ ទើបផ្អើលឆោឡោ ។
ក្រោយពីទទួលបានព័ត៌មានខាងលើ អាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យ ធ្វើកោសល្យវិច័យ ឃើញថាស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារ ដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
ដោយ៖សុខាសែនេជ័យ