ភ្នំពេញ៖ យោងតាមក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) បានឱ្យដឹងថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០ គីឡូក្រាម ដែលត្រូវបានរកឃើញនៅក្នុង ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីឆ្នាំមុន បានបំបែកឯតទគ្គកម្មពិភពលោក ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថា ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។
ក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ បានគូសបញ្ជាក់ថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គរបស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។
បន្ថែមពីនេះ ក្រុមការងារអច្ឆរិយភាព បានគូសបញ្ជាក់ទៀតថា៖«ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ»៕
ដោយ៖សហការី