ភ្នំពេញ៖ លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក នៅវេលាម៉ោង១រសៀល ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២៣នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះណែនាំអប់រំណែនាំដល់ម្ចាស់ទីតាំងការដ្ឋានមួយកន្លែងឱ្យចូលរួមសហការជាមួយអាជ្ញាធរ។ ខណៈមានការសំណូមពរ ពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវនិងឆ្លងកាត់ទីតាំងការដ្ឋានកំពុងសាងសង់មួយកន្លែងបង្កឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងទុកដាក់សម្ភារៈរំលោភលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើជើង ។
បើតាមលោក ស៉ឹម សុផង់ អភិបាលរង ទទួលបន្ទុក បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នៃគណៈអភិបាលខណ្ឌទួលគោក បានប្រាប់ឱ្យដឹងថា លោកណែនាំដល់ម្ចាស់ការដ្ឋានកំពុងសាងសង់មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥២៨ ជាប់នឹងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឱ្យរៀបចំឱ្យបានត្រឹមត្រូវនិងមិនឱ្យបង្ហូរទឹកមកតាមបណ្ដោយផ្លូវសាធារណៈនិងទុកដាក់ខ្សាច់ថ្ម ឱ្យត្រឹមត្រូវជៀសវាងការហូរខ្សាច់ចូលប្រព័ន្ធលូបង្កការកកស្ទះ។
សូមជម្រាបជូនថា កន្លងមកនេះប្រជាពលរដ្ឋអ្នកធ្វើដំណើរ បាននាំគ្នារិះគន់ទីតាំងការដ្ឋានសំណង់កំពុងសាងសង់នេះគឺបានទុកដាក់សម្ភារៈរំលោភលើចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងនិងថែមទាំងបង្ហូរទឹកតាមដងផ្លូវសាធារណៈធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ដោយមិនបានរៀបចំតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះឡើយ។
ប្រជាពលរដ្ឋបន្តថា ទីតាំងការដ្ឋាននេះបានទុកដាក់សម្ភារៈរំលោភទៅចិញ្ចឹមផ្លូវសម្រាប់អ្នកថ្មីជើងធ្វើឲ្យអ្នកធ្វើដំណើរដោយថ្មីជើងពុំមានផ្លូវសម្រាប់ធ្វើដំណើរ គឺត្រូវធ្វើដំណើរតាមផ្លូវជាសិទ្ធភាពរបស់យានជំនេះ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផងដែរ៕
ដោយ៖ សហការី