ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយប្រទេសរងការវាយប្រហារជាបន្តបន្ទាប់ ដោយក្រុមឧក្រិដ្ឋជន រដ្ឋាភិបាលស៊ុយអែតស្នើជំនួយពីយោធា

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្សាយថា នាយករដ្ឋមន្រ្តីស៊ុយអែតបាននិយាយថា លោកនឹងបើកកិច្ចពិភាក្សាជាមួយប្រមុខកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមេប៉ូលិសជាតិរបស់ស៊ុយអែត ដើម្បីជជែកអំពីមធ្យោបាយកាត់បន្ថយអំពើហិង្សារបស់បណ្តាញក្រុមឧក្រិដ្ឋជន ដែលក្នុងខែនេះបានធ្វើសកម្មភាពវាយប្រហារជាបន្តបន្ទាប់ ហើយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១១នាក់បាត់បង់ជីវិត។
នាយករដ្ឋមន្រ្តីស៊ុយអែត លោក អ៊ូល គ្រីស្ទើសុន (Ulf Kristersson) បាននិយាយថា រូបលោកនឹងជួបជាមួយមេបញ្ជាការកំពូលរបស់កងកម្លាំងប្រដាប់អាវុធ និងអគ្គស្នងការប៉ូលិសជាតិនាថ្ងៃសុក្រនេះ ដើម្បីរិះរកមធ្យោបាយសំដៅអាចឱ្យខាងយោធាជួយខាងប៉ូលិសនៅក្នុងការងារប្រយុទ្ធប្រឆាំងបណ្តាញក្រុមឧក្រិដ្ឋជន។ ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ លោក Kristersson បានលើកឡើងយ៉ាងដូច្នេះថា «ស៊ុយអែតមិនធ្លាប់មើលឃើញ រឿងបែបនេះពីមុនមកឡើយ។ ពុំមានប្រទេសអឺរ៉ុបដទៃណាដែលកំពុងមើលឃើញរឿងបែបនេះទេ»។
កាលពីថ្ងៃពុធសប្តាហ៍នេះ មនុស្ស២នាក់បានស្លាប់ក្នុងករណីបាញ់ប្រហារដាច់ដោយឡែកពីគ្នា នៅទីក្រុងស្តុកខុល ហើយស្រ្តីម្នាក់អាយុខ្ទង់២០ឆ្នាំបានបាត់បង់ជីវិត នៅពេលគ្រាប់បែកបានផ្ទុះបំផ្លាញផ្ទះមួយខ្នងនៅទីក្រុង Uppsala ក្បែរទីក្រុងស្តុកខុល កាលពីថ្ងៃព្រហស្បតិ៍។ ភ្លាមៗនេះ វាមិនទាន់ច្បាស់ថា តើយោធាស៊ុយអែតនឹងចូលពាក់ព័ន្ធកម្រិតណាឡើយ ក្នុងកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាអំពើហិង្សារបស់ក្រុមឧក្រិដ្ឋជន។
បើតាមការប៉ាន់ស្មានរបស់ប៉ូលិស មនុស្សសរុបប្រហែល៣០០,០០០នាក់ នៅស៊ុយអែត គឺស្ថិតនៅក្នុងបណ្តាញក្រុមឧក្រិដ្ឋជនផ្ទាល់ ឬមួយក៏មានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជន។ ជាមួយគ្នានេះ អំពើហិង្សាក៏ត្រូវគេសង្កេតឃើញថា បានរាលដាលពីតំបន់ទីក្រុងធំៗ ទៅកាន់តំបន់ក្រុងតូចៗ ជាទីដែលបទឧក្រិដ្ឋហិង្សាកន្លងមកជារឿងកម្រផងដែរ។ កាលពីឆ្នាំមុន មានមនុស្សជាង៦០នាក់បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅស៊ុយអែត ដែលជាតួលេខខ្ពស់បំផុតក្នុងកំណត់ត្រា។ បើតាមការប៉ាន់ស្មាន តួលេខឆ្នាំនេះគឺកំពុងឆ្ពោះទៅរកចំនួនដដែល ឬក៏ច្រើនជាងមុនថែមទៀត៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖